​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង បាន​និយាយថា ទីក្រុង​ហុងកុង​បាន “​ងើប​ចេញ​ពី​ផេះ​” នៅ​ពេល​គាត់​មកដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ២៥ នៃ​ការប្រគល់​ទីក្រុង​នេះ​មកវិញ នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​គាត់​ចាប់តាំងពី​ចលនា​អនាធិបតេយ្យ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​កម្ទេច​។​

​ដំណើរ​របស់​លោក​ស៊ី​គឺជា​ឱកាស​មួយ​សម្រាប់​បក្ស​កុម្មុយនីស្ត​ចិន​បង្ហាញ​ពី​ការគ្រប់គ្រង​របស់​ខ្លួន បន្ទាប់​ពី​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​លេប​ត្របាក់​ទីក្រុង​នេះ​ក្នុង​ឆ្នាំ ២០១៩​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​​ប៉េកាំង​ដាក់ចេញ​ការបង្ក្រាប​យ៉ាង​ចាស់ដៃ​។​

​លោក​ស៊ី​បាន​និយាយ​បន្ទាប់ពី​មក​ដល់​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​មួយ​នៅ​កណ្តាល​ទីក្រុង​ហុងកុង​ថា “​ក្នុងពេល​កន្លង​ទៅ​ហុងកុង​បាន​ឆ្លងកាត់​ការ​ធ្វើតេស្តិ៍​ធ្ងន់ធ្ងរ​ច្រើន​ជាង​ម្តង​ហើយ​បាន​យកឈ្នះ​លើ​​ហានិភ័យ​និង​ការ​ប្រឈម​ច្រើន​ជាង​ម្តង​”​។​

“​បន្ទាប់​ពី​ព្យុះ​ភ្លៀង​ទាំងនេះ ហុងកុង​បាន​ងើប​ចេញ​ពី​ផេះ និង​ផុស​ឡើង​ជាមួយ​នឹង​ភាពរឹងមាំ​ដ៏​ក្លៀវក្លា​”​។​

​ខួប​នៅ​ថ្ងៃ​សុក្រ​ស្អែក​ក៏​កត់សម្គាល់​ចំណុច​ពាក់កណ្តាល​ផ្លូវ​នៃ​គំរូ​អភិបាលកិច្ច​រយៈពេល ៥០ ឆ្នាំ​ដែល​បាន​ព្រមព្រៀង​ដោយ​ចក្រភព​អង់គ្លេស​និង​ចិន​ផង​ដែរ​ដែល​ទីក្រុង​នេះ​នឹង​រក្សា​ស្វ័យភាព​និង​​សេរីភាព​មួយចំនួន​។​

​ក្រុម​អ្នក​រិះគន់​បាន​និយាយថា ច្បាប់​សន្តិសុខ​ជាតិ ដែល​ដាក់​ចេញ​ដោយ​ទីក្រុង​ប៉េកាំង​បន្ទាប់ពី​ការតវ៉ា​ឆ្នាំ ២០១៩ បាន​លុបបំបាត់​សេរីភាព​ដែល​បាន​សន្យា​។​ប៉ុន្តែ​លោក​ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ថា “​ការពិត​បានបង្ហាញ​ថា ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​មាន​ភាពរឹងមាំ​ដ៏​អស្ចារ្យ​”​។​

​លោក​បាន​បន្ថែមថា “​វា​អាច​ធានា​ស្ថិរភាព​និង​វិបុលភាព​រយៈពេល​វែង​នៅ​ហុងកុង​និង​ការពារ​សុខុមាលភាព​របស់​ប្រជាជន​ហុងកុង​”៕

​ដំណើរ​របស់​លោក​ស៊ី​គឺជា​ឱកាស​មួយ​សម្រាប់​បក្ស​កុម្មុយនីស្ត​ចិន​បង្ហាញ​ពី​ការគ្រប់គ្រង​របស់​ខ្លួន