ដោយ​: បូកគោ / កំពត​: ប្រជាពលរដ្ឋ​ខេត្តកំពត ដែលមាន​ការយល់ដឹង​ច្បាស់ អំពី​វិធី​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ប្តេជ្ញា​បន្ត​អនុវត្ត​សេចក្តីណែនាំ​របស់ ក្រសួងសុខាភិបាល ដើម្បី​បញ្ចៀស​ពី​វិបត្តិ​នៃ​ជំងឺ​នេះ ក្រោយ​ទទួល​សារ បញ្ជាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។

​ពលរដ្ឋ​ខេត្តកំពត​ម្នាក់ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ បាន​រៀបរាប់ថា​: ប្រជាពលរដ្ឋ​គ្រប់រូប មិនដែល​ភ្លេច​កូ​វីដ​-១៩​ទេ ព្រោះ​ជំងឺ​នេះ មិនទាន់​បាត់​រលត់ទៅវិញ​នៅឡើយ​។ ប្រសិនបើ​នរណាម្នាក់ ធ្វេសប្រហែស​នោះ​មេរោគ​កូ​វីដ នឹង​វាយប្រហារ​ភ្លាម​។ ម្ល៉ោះហើយ ទើប​ប្រជាពលរដ្ឋ​ទូទៅ ដោយឡែក អ្នក​ខេត្តកំពត នៅតែ​ប្រុងប្រយ័ត្ន ទាំង​ការពាក់​ម៉ាស់ ការប្រើ​អាល់កុល លាង​សម្អាត​ដៃ និង​ការចូលរួម​ទទួល​វ៉ាក់សាំង គ្រប់​ដូ​ស​ជាដើម​។

​អ្នកលក់​ម៉ាស់ នៅ​គល់ស្ពាន​ឥន្ទធនូ ត្រើយ​ខាងកើត​បាន​ប្រាប់​ឱ្យដឹងថា​: ម៉ាស់​នៅតែ​លក់ដាច់​ជា​ហូរហែ​។ ប៉ុន្តែ​ក្រោយពេល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​អំពី​ករណី​ឆ្លង​ថ្មី និង​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន ចំនួន​អ្នកទិញ​បាន​កើនឡើង​។ សម្រាប់​អ្នកមាន​លទ្ធភាព ពួកគាត់ បាន​ទិញ​យកទៅ​ស្តុក​ទុក​ច្រើន​ប្រអប់ ឯ​អ្នក​មិនសូវ​ធូរធារ គឺ​ទិញ​ម្តង​សម្រាប់​ប្រើប្រាស់​ត្រឹម ២ ឬ ៣​ថ្ងៃ​ប៉ុណ្ណោះ​។

​អ្នកលក់​ដដែល បាន​បញ្ជាក់ថា​: ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ភ្ញៀវទេសចរ ជិត​ឆ្ងាយ នៅតែ​បន្ត​ការពារ ដោយ​ចូល​ទិញ​ម៉ាស់​ប្រើប្រាស់ ហើយ​រូបគាត់​ផ្ទាល់ ក៏បាន​ពាក់​គ្រប់ពេលវេលា ព្រោះ​មិន​ចង់ឃើញ​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​-១៩ កើតមាន​ទៀតឡើយ​។

​លោក​វេជ្ជបណ្ឌិត ហេង ចន្ថា ប្រធានការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល ខេត្តកំពត បាន​បញ្ជាក់ថា​: រយ​:​ពេល​ជាង ២​ខែ​កន្លងមកនេះ នៅ​ទូទាំង​ខេត្តកំពត ពុំមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ទេ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​រដ្ឋបាលខេត្ត បាន​យកចិត្តទុកដាក់​ជាប្រចាំ ក្នុង​ការជំរុញឱ្យ​បន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ និង​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​។ លោក​សង្ឃឹមថា ខេត្តកំពត នឹងមិន​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ សាជាថ្មី​ទៀតឡើយ​៕/V​