ប្រែ​សម្រួលៈ​បំណង​(ST)៖ ​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មិថុនា​បាន​បញ្ជូន​ចេញ​យន្តហោះ​ប្រយុទ្ធ​ទៅ​ក្បែរ​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា​និង​បាន​បញ្ជា​ទៅ​អនុព័ន្ធ​យោធា​របស់​ខ្លួន​​អោយចេញ​ការព្រមាន​មួយ​ទៅ​កាន់​រដ្ឋាភិបាលយោធា​អំពី​អ្វី​ដែល​ខ្លួន​ហៅថា ការរំលោភ​ដែនអាកាស​ក្នុងអំឡុង​ប្រតិបត្តិ​ការប្រយុទ្ធ​មួយ​។​

​យន្តហោះ​ប្រយុទ្ធ​ធុន F-16​ចំនួន​ពីរ​គ្រឿង​ត្រូវបាន​បញ្ជូន​ចេញ​នៅពេល​រ៉ា​ដា​មួយ​ចាប់​បាន​រូបភាព​យន្តហោះ​មួយ​នៅក្នុង​ដែនអាកាស​ថៃ​ជាប់​នឹង​ព្រំដែន​ន​មី​យ៉ាន់​ម៉ា​កាល​​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើ​តាម​អ្នកនាំពាក្យ​កងទ័ពអាកាស​លោក​ឧត្តមសេនីយ៍ ប្រា​ផាត សុន​ចាយ​ឌី​(Prapat Sonjaidee )​។​លោក​ថា​«​យន្តហោះ​មកពី​ភាគី​មិន​ស្គាល់​​បាន​រំលោភ​ចូល​ខាង​ព្រំដែន​ថៃ​ន​នៅលើ​ស្រុក​ផប់ ប្រា​(Phop Phra)​ក្នុង​ខេត្ត​តា​ក​(Tak)​ខណៈ​ដែល​វា​វាយប្រហារ​លើ​ក្រុម​ជនជាតិភាគតិច​ប្រដាប់អាវុធ​មួយ​នៅតាម​ព្រំ​​ដែន​»​។​

​អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន់​ម៉ា មិនអាច​សុំ​ការបញ្ជាក់​បាន​ភ្លាមៗ​ទេ​ចំពោះ​ការអះអាង​របស់​កងទ័ព​អាកាស​ថៃ​នេះ​។​

​សូមបញ្ជាក់​ថា យោធា​មី​យ៉ាន់​ម៉ា​បាន​បង្កើន​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក​ង​ទ័ព​មក​ពី​ក្រុម​ជនជាតិភាគតិច​ជាច្រើន​ចាប់តាំងពី​ខ្លួន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មួយ​​កាលពី​ឆ្នាំមុន និង​កំពុង​ង​ជួប​ការបះបោរ​ប្រឆាំង​មកពី​គ្រប់​ទិស រួម​ទាំង​ក្រុម​ជនជាតិភាគតិច​ប្រដាប់​អាវុធ​ដែល​ចង​សម្ពន្ធភាព​ជាមួយ​រដ្ឋាភិបាល​មុន​។​

​ទីភ្នាក់ងារ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ នៅ​សប្តាហ៍​នេះ​បាន​វាយ​តំលៃ​ថា មនុស្ស​ជិត​៧៦០.០០០​នាក់​ត្រូវ​បាន​ភៀសខ្លួន​ចេញពី​ជម្លោះ​នៅ​ទូទាំង​មី​យ៉ាន់​ម៉ា​ចាប់​តាំង​​ពី​រដ្ឋប្រហារ​។​

​សាក្សី​ម្នាក់​នៅ​ថៃ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា គេ​ឃើញ​យន្តហោះ​យោធា​មួយ​ហោះ​លើ​ភូមិ​ចំនួន​ពីរ​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ព្រំដែន បង្ក​ការភិតភ័យ​ក្នុង​​ចំណោម​អ្នកស្រុក ដោយ​សាលារៀន​មួយ​បញ្ជូន​សិស្ស​ចូល​ត្រង់​សេ​(​លេនដ្ឋាន​)​ទៀង​ផង​។​

សិស្សថៃត្រូវគ្រូនាំចូលត្រង់សេចំពេលមានយន្តហោះមីយ៉ាន់ម៉ាហោះចូល

​កងទ័ពអាកាស​ថៃ​បាន​និយាយថា អនុព័ន្ធ​យោធា​របស់​ខ្លួន​ប្រចាំ​ទីក្រុង​យ៉ាងហ្គោន​ត្រូវបាន​បញ្ជា​អោយ​ធ្វើការ​ព្រមាន​បណ្តា​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នៅ​មី​យ៉ាន់​ម៉ា និង​បាន​ស្នើ​​សុំ​ពួកគេ​អោយ​រារាំង​កុំអោយ​មាន​ហេតុការណ៍​បែបនេះ​នៅ​ពេល​អនាគត​។​

​អាជ្ញាធរ​ថៃ​ក្នុងពេល​ជាមួយគ្នា​បាន​និយាយថា​មនុស្ស​ជិត​៣០០​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រតិបត្តិការ​យោធា​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​រដ្ឋកា​រ៉ែ​ន​របស់​មី​យ៉ាន់​ម៉ា​នៅ​ប៉ុន្មាន​​ថ្ងៃ​មកនេះ​៕

​ថៃ​បញ្ជូន​ចេញ​យន្តហោះ​ប្រយុទ្ធ​ធុន F-16​ចំនួន​ពីរ​គ្រឿង​ក្រោយ​រ៉ា​ដា​ចាប់​បាន​រូបភាព​យន្តហោះ​មួយ​(រូបលើ)ហោះចូល​ដែនអាកាស​ខ្លួន​លើស្រុកផប់ ប្រាជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​៣០​មិថុនា​

​មនុស្ស​ជិត​៣០០​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រតិបត្តិការ​យោធា​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​រដ្ឋកា​រ៉ែ​ន​របស់​មី​យ៉ាន់​ម៉ា​នៅ​ប៉ុន្មាន​​ថ្ងៃ​មកនេះ