​ប្រែ​សម្រួលៈ​បំណង​(ST)៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វី​ដូ​ដូ បាន​និយាយ​នៅ​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មិថុនា​ថា លោក​បាន​នាំសារ​មួយ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ​​ហ្សេ​លេន​ស្គី មក​អោយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​លោកពូ​ទីន បាន​ទទួល​ជួប​លោក​វី​ដូ​ដូ​នៅ​ជាង​បួន​ខែ​ក្រោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បើក​ប្រតិបត្តិការ​ពិសេស​ចូល​អ៊ុ​យក្រែន និង​ចំពេល​រុស្ស៊ី​ស្វះស្វែង​ងាក​មក​រក​អាស៊ី​និង​អាហ្វ្រិក​សំរាប់​ទីផ្សារ​របស់​ខ្លួន​​ក្រោយពី​លោក​ខាងលិច​ដាក់ទណ្ឌកម្ម​ខ្លួន​ទូទៅ​យ៉ាងអាក្រក់បំផុតដែល​មិន​ធ្លាប់​ជួប​ពីមុនមក​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វី​ដូ​ដូ​(​ឆ្វេង​)​ជួប​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​៣០​មិថុនា​

​ឥណ្ឌូនេស៊ី ជា​ប្រធាន​ដូរ​វេន​របស់​ក្រុម​ប្រទេស​G20​នៅ​ឆ្នាំ​នេះ និង​កំពុង​ត្រៀម​រៀបចំ​សំរាប់​ជំនួប​កំពូល​នា​រដូវក្តៅ​នៅ​កោះ​បាលី​នៅ​ខែវិច្ឆិកា​។​

​លោក​បាន​និយាយ​ក្រោយ​ជួបពិភាក្សា​ជាមួយ​ប្រធាន​វិមាន​ក្រឹម​ឡាំង​ថា «​ខ្ញុំ​បាន​នាំ​សារ​របស់​ប្រធានាធិបតី​ហ្សេ​លេន​ស្គី ទៅកាន់​ប្រធានាធិបតី​ពូ​ទីន​។​ខ្ញុំ​បង្ហាញ​ការត្រៀមខ្លួន​ដើម្បី​ជួយ​ចាប់ផ្តើម​ការ​​ទាក់ទង​រវាង​មេដឹកនាំ​ទាំងពីរ​»​តែ​លោក​មិន​បាន​ផ្តល់​សេចក្តី​ពិស្តារ​ទេ​។​

​លោក​បាន​និយាយ​បន្តថា​« ទោះ​ជា​សភាពការណ៍​ខាងក្រៅ​នៅ​ពិបាក វា​នៅតែ​មាន​សារសំខាន់​ក្នុង​ការធ្វើការ​ឆ្ពោះទៅ​កាន់​ដំណោះស្រាយ​មួ​យ​និង​ការចរចា​បើកចំហ​ហើយ​ប្រទេស​ខ្ញុំ​មាន​បំណង​អោយ​​សង្គ្រាម​នេះ​ចប់​ឆាប់ៗ​។​ខ្ញុំ​អំពាវនាវ​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​ទាំងអស់​អោយ​ធ្វើអោយ​សកម្ម​ឡើង​ស្មារតី​សហប្រតិបត្តិការ​»​។​

​កាលពី​ថ្ងៃ​ពុធ​មួយ​ថ្ងៃមុន​នេះ​លោក វី​ដូ​ដូ បាន​ស្ថិតនៅ​ទីក្រុង​គៀវ​មុន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​ដើម្បី​ជួប​លោក​ពូ​ទីន ។​

​តាមពិត​រដ្ឋាភិបាល​ទីក្រុង​ហ្សា​ការតា​បាន​និង​កំពុង​ស្ថិត​ក្រោម​សម្ពាធ​អោយ​ផាត់​ចេញ​លោកពូ​ទីន​ពី​ជំនួប​G20​ក្រោយ​ពី​ខ្លួន​ប្រកាស​កាលពី​ខែ​មេសា​ថា​មេដឹកនាំ​រុស្ស៊ី​ត្រូវបាន​អញ្ជើញ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​ប្រាប់​លោកវីដូ​ដូ​កាលពី​ថ្ងៃ​ពុធ​ថា ការចូលរួម​ជំនួប​G20​នា​ពេល​ខាង​មុខ​នៅ​កោះ​បាលី​របស់លោក អាស្រ័យ​លើ​ថា​តើ​នរណា​ខ្លះ​ចូលរួម​។​

​លោកពូ​ទីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សរសើរ​កិច្ច​ពិភាក្សា​របស់​លោក​ជាមួយ​លោក វី​ដូ​ដូ ដោយ​ចាត់ទុកថា​វា​«​មាន​លក្ខណៈ​ស្ថាបនា​»​និង​ថា​«​ខ្ញុំ​ជឿថា កិច្ចព្រមព្រៀង​សំរេចបាន​នៅ​ថ្ងៃនេះ​នឹង​ពង្រឹង​​ភាព​ជា​ដៃគូ​របស់​រុស្ស៊ី​-​ឥណ្ឌូនេស៊ី​»​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​និយាយថា បញ្ហា​ផ្គត់ផ្គង់​ស្បៀង​សកល​នឹង​មិន​ល្អ​ប្រសើរ​ឡើង​ឡើយ បើ​សិន​បើ​ជីគីមី​រុស្ស៊ី​និង​ស្រូវ​សាឡី​របស់​អ៊ុយ​ក្រែន​មិនអាច​ត្រូវបាន​នាំ​ចេញ​និង​ថា​លោក​បាន​ទទូច​សុំ​មេ​ដឹកនាំ​ក្រុម​ប្រទេស​G7 អោយ​ធានាថា​ទណ្ឌកម្ម​លើ​រុស្ស៊ី​មិន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ជីគីមី​និង​ស្បៀង​។​

​ចំណែក​លោក​ពូ​ទីន បាន​បដិសេធ​ថា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​មិន​បាន​រាំងខ្ទប់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែនទេ​និង​បាន​សួរអំពី​ផល​ប៉ះពាល់​នៃ​ការ​មិន​មាន​ទំនិញ​កសិកម្ម​អ៊ុយ​ក្រែន​នៅលើ​ទីផ្សារ​​ស្បៀង​ពិភពលោក​។​លោក​បាន​បញ្ជាក់ថា «​យើង​មិន​បាន​រារាំង​ការនាំចេញ​ធញ្ញជាតិ​អ៊ុយ​ក្រែនទេ​។​យោធា​អ៊ុយ​ក្រែន​ខ្លួនឯង​បាន​ដាក់​គ្រាប់​មីន​នៅតាម​ផ្លូវ​ទឹក​ឆ្ពោះ​ទៅកាន់​បណ្តា​កំពង់ផែ​របស់​គេ ហើយ​​ក៏​គ្មាន​នរណា​រារាំង​មិនអោយ​ដោះ​គ្រាប់មីន​ឡើយ​។​យើង​សូម​ធានា​សុវត្ថិភាព​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ចេញពី​ទីនោះ​»​។​

​លោកពូ​ទីន​បានបញ្ជាក់​សាជាថ្មី​ថា គឺ​ទណ្ឌកម្ម​លោកខាងលិច​ហ្នឹងឯង​ដែល​ត្រូវ​បន្ទោស​ចំពោះ​បញ្ហា​នេះ​លើ​ទីផ្សារ​ស្បៀង​ពិភពលោក និង​ការឡើង​ថ្លៃទំនិញ​។​លោក​ក៏​បាន​និយាយថា លោក​ចង់​រក្សា​ឋានៈ​​របស់​រុស្ស៊ី​ជា​ប្រទេស​នាំចេញ​ស្រូវ​សាឡី​ធំ​បំផុត​នៅក្នុង​លោក ដោយ​បច្ចុប្បន្ន​រុស្ស៊ី​តំណាងអោយ​ការលក់​ស្រូវ​សាឡី​មួយ​ភាគ​ប្រាំ​នៅលើ​លោក​៕

​លោកពូ​ទីន​បានបញ្ជាក់​សាជាថ្មី​ថា រុស្ស៊ី​មិនបាន​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែនទេ គឺ​ទណ្ឌកម្ម​លោកខាងលិច​ហ្នឹងឯង​ដែល​ត្រូវ​បន្ទោស​ចំពោះ​បញ្ហា​នេះ​លើ​ទីផ្សារ​ស្បៀង​ពិភពលោក​