ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរួបរួមជាតិ បានដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីរបាយការណ៍បូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សខ្មែរួបរួមជាតិ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ នៅទីស្នាក់ការកណ្តាលគណបក្សនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមជម្រាបថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បើតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០៕សរន