ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមគ្រូពេទ្យបាននិយាយថា កងកម្លាំងសន្តិសុខស៊ូដង់បានបាញ់សម្លាប់មនុស្សប្រាំបីនាក់ក្នុងអំឡុងបាតុកម្មប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃព្រហស្បតិ៍ទី៣០មិថុនា ខណៈមនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួនដើម្បីថ្កោលទោសមេដឹកនាំយោធារបស់ប្រទេសនេះនិងទាមទារឱ្យមានការផ្ទេរអំណាចជាបន្ទាន់ឱ្យទៅជនស៊ីវិល។
គណៈកម្មាធិការវេជ្ជបណ្ឌិតរបស់ស៊ូដង់បាននិយាយនៅក្នុង Twitterថា មនុស្សប្រាំមួយនាក់ត្រូវបានបាញ់សម្លាប់នៅពេលប៉ូលិសបាញ់គ្រាប់ពិតទៅលើហ្វូងអ្នកតវ៉ានៅទីក្រុងអូមឌួមែន (Omdurman) ដែលជាទីក្រុងភ្លោះនៃរដ្ឋធានីខាទុម (Khartoum) របស់ស៊ូដង់។
ឆ្លងទន្លេនីលក្នុងទីក្រុងខាទុម មនុស្សម្នាក់ទៀតបានស្លាប់ដោយសារគ្រាប់កាំភ្លើងចំក្បាលនិងកុមារម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានគេបាញ់ចំទ្រូង នេះបើយោងតាមក្រុមវេជ្ជបណ្ឌិតខាងលើដែលតាមដានជនរងគ្រោះក្នុងអំឡុងពេលតវ៉ា។ ភ្លាមៗអត្តសញ្ញាណអ្នកទាំងប្រាំបីមិនទាន់ដឹងនោះទេ។
នៅក្នុងទីក្រុងខាទុមផងដែរ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុកររាប់ពាន់នាក់ដែលព្យាយាមចូលទៅកាន់វិមានសាធារណរដ្ឋ ជាកន្លែងកាន់អំណាចរបស់យោធានៅកណ្តាលទីក្រុង។វីដេអូដែលបង្ហាញមនុស្សរាប់ពាន់នាក់គ្រវីទង់ជាតិស៊ូដង់និងរត់ក្រោមពពកឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានបង្ហោះពេញបណ្តាញសង្គម។
វីដេអូផ្សេងទៀតបានបង្ហាញក្រុមបាតុករលើកបដា សរសេរថា “គ្មានការចរចា! គ្មានភាពជាដៃគូ”ដែលបញ្ជាក់ជាថ្មីពីការប្រឆាំងរបស់ពួកគេចំពោះកិច្ចព្រមព្រៀងចែកអំណាចណាមួយជាមួយមេដឹកនាំយោធា។
ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យឈានមុខគេរបស់ស៊ូដង់ ឈ្មោះថា កងកម្លាំងសម្រាប់សេចក្តីប្រកាសនៃសេរីភាពនិងការផ្លាស់ប្តូរនិងគណៈកម្មាធិការតស៊ូបានអំពាវនាវឱ្យមានការតវ៉ាទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ទី៣០មិថុនាដើម្បីបញ្ជាក់ឡើងវិញនូវការទាមទាររបស់ពួកគេដើម្បីបដិសេធចោលនូវរដ្ឋប្រហារយោធាកាលពីថ្ងៃទី ២៥ ខែតុលាឆ្នាំមុន។ ការកាន់កាប់របស់យោធាបានបំផ្លាញចោលការផ្លាស់ប្តូររយៈពេលខ្លីរបស់ប្រទេសអាហ្វ្រិកខាងកើតនេះទៅរកលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការបណ្តេញមេដឹកនាំផ្តាច់ការចាស់វស្សា លោក អូម៉ា អាល់បាសៀ (Omar al-Bashir) ក្នុងឆ្នាំ ២០១៩៕
បាតុកររាប់ពាន់នាក់នាំគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារក្នុងរដ្ឋធានីខាទុមកាលពីថ្ងៃព្រហស្បតិ៍