​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កូរ៉េ​ខាងជើង​បាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ទី​១​កក្កដា​ថា ការផ្ទុះកូ​វីដ​១៩​លើកដំបូង​របស់​ប្រទេស​បាន​ចាប់ផ្តើម​ដោយ​អ្នកជំងឺ​ប៉ះ “​វត្ថុ​ចម្លែកៗ​”​នៅ​ជិត​ព្រំដែន​​ជាមួយ​កូរ៉េ​ខាងត្បូង ដែល​ទំនង​បង្វែរ​ការស្តីបន្ទោស​ទៅ​ប្រទេសជិតខាង​ចំពោះ​រលក​នៃ​ការ​ឆ្លងកូវី​ដ ដែល​បាន​វាយប្រហារ​ប្រទេស​ឯកោ​មួយ​នេះ​។​

​ដោយ​ប្រកាស​លទ្ធផល​ស៊ើបអង្កេត​របស់​ខ្លួន កូរ៉េ​ខាងជើង​បាន​បញ្ជា​ឱ្យ​ប្រជាជន​របស់​ខ្លួន “​មានការ​ប្រុងប្រយ័ត្ន​ជាមួយ​វត្ថុ​ចម្លែកៗ​ដែល​មក​តាម​ខ្យល់ និង​បាតុភូត​អាកាសធាតុ​និង​ប៉ឺតប៉ោង​នៅ​​ក្នុង​តំបន់​តាម​ខ្សែបន្ទាត់​កំណត់ព្រំដែន​និង​ព្រំដែន​”​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA ទាហាន​អាយុ ១៨ ឆ្នាំ​ម្នាក់ និង​សិស្សសាលា​មត្តេយ្យ​អាយុ ៥ ឆ្នាំ​ម្នាក់ ដែល​បាន​ប៉ះពាល់​សម្ភារៈ​មិន​ស្គាល់​អត្តសញ្ញាណ “​នៅលើ​ភ្នំ​ជុំវិញ​បន្ទាយ​និង​តំបន់​លំនៅដ្ឋាន​” នៅក្នុង​ស្រុក​គុម​ហ្កាង (Kumgang) ភាគ​ខាងកើត​កាលពីដើម​ខែ​មេសា បានបង្ហាញ​រោគសញ្ញា ហើយ​ក្រោយមក​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​វីរុស​កូរ៉ូណា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា “​លទ្ធផល​នៃ​ការស៊ើបអង្កេត​បាន​បង្ហាញ​ថា មនុស្ស​មួយចំនួន​ដែល​មកពី​តំបន់​អ៊ី​ផូ​រី (Ipho-ri) ក្នុងស្រុក​គុម​ហ្កាង​នៃ​ខេត្ត​កាង​វ៉ុ​ន (Kangwon)​ទៅកាន់​រដ្ឋធានី​​កាលពី​ពាក់កណ្តាល​ខែ​មេសា មាន​គ្រុនក្តៅ ហើយ​ករណី​គ្រុនក្តៅ​ច្រើន​ឡើង​ត្រូវបាន​រកឃើញ​ក្នុងចំណោម​អ្នក​ដែល​ប៉ះពាល់​ពួកគេ​”​។​

KCNA បាន​និយាយថា ករណី​គ្រុនក្តៅ​ផ្សេង​ទៀត​ទាំងអស់​ដែល​បាន​រាយការណ៍​នៅក្នុង​ប្រទេស​រហូត​ដល់​ពាក់កណ្តាល​ខែ​មេសា​គឺ​ដោយសារ​តែ​ជំងឺ​ផ្សេងទៀត ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ទេ​។​

​អ្នក​រត់​ចោល​ស្រុក​និង​សកម្មជន​កូរ៉េខាងជើង​នៅ​កូរ៉េ​ខាងត្បូង​បាន​បង្ហោះ​ប៉ឺតប៉ោង​ជាច្រើន​ទសវត្សរ៍ ដោយ​បញ្ជូន​ខិត្តប័ណ្ណ​និង​ជំនួយ​មនុស្សធម៌​ឆ្លងកាត់​ព្រំដែន ដែល​មាន​កំពែង​ការពារ​យ៉ាង​រឹងមាំ​។​

​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី មូន ជេ​អ៊ីន បាន​រារាំង​យុទ្ធនាការ​នេះ​នៅ​ឆ្នាំ ២០២០ ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នកស្រុក​នៅ​តាម​ព្រំដែន​ប៉ុន្តែ​សកម្មជន​បាន​ហៅ​​ការហាមឃាត់​នេះ​ថា​ជា​ការប៉ុនប៉ង​ដើម្បី​កុំឱ្យ​ទីក្រុង​ព្យុងយ៉ាង​អន់ចិត្ត និង​បំបិទមាត់​អ្នក​រិះគន់​ចំពេល​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កែលម្អ​ទំនាក់ទំនង​ឆ្លង​ព្រំដែន​៕

KCNA​និយាយថា ទាហាន​អាយុ ១៨ ឆ្នាំ​ម្នាក់ និង​សិស្សសាលា​មត្តេយ្យ​អាយុ ៥ ឆ្នាំ​ម្នាក់ ឆ្លងកូវី​ដ​ដោយសារ​ប៉ះពាល់​វត្ថុច​ម្លែ​ក​ហើរ​តាម​ខ្យល់​ពី​កូរ៉េខាងត្បូង