ដោយៈ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​បាល់ទះ​អង្គុយ​កម្ពុជា កីឡាករ ម៉ន យ៉ា​រ៉ា​ញ់ បានបង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា​នឹង​ឈ្នះ​មេដាយ​ម្ដងទៀត នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) លើក​ទី​១១ នាទី​ក្រុង សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​។​

​និយាយ​ដូច្នេះ បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ក្រុម​ជម្រើសជាតិ​បាល់ទះ​អង្គុយ​កម្ពុជា ទទួលបាន​មេដាយប្រាក់ ហើយ ម៉ន យ៉ា​រ៉ា​ញ់ ក៏​ជា​កោសិកា មួយ​នៃ​ក្រុម​នេះដែរ​។​

​គេ​បាន​និយាយ​ពី​ការត្រៀមខ្លួន​ថា​ការត្រៀមខ្លួន​របស់​ក្រុម​ទាំងមូល​គឺ​ត្រូវ​ថែរក្សា​សុខភាព​កុំ​ឲ្យ​មាន​ជំងឺឆ្លង និង​ជាពិសេស​កុំ​ឲ្យ​មាន​បញ្ហា​ឈឺ​សាច់ដុំ ឈឺសន្លាក់ ពេល​ហ្វឹកហាត់​។ ហេតុនេះ​ក្រុម​ទាំងមូល ហាត់​អត់​សូវ​សម្រុក​ខ្លាំង​នោះទេ គឺ​ហាត់​ពង្រឹង​បច្ចេកទេស ប៉ុន្តែ​អត់​ខ្លាំងពេក​ទេ​ដោយ​យើង​បន្ធូរ​ខ្លះ​។ ការហ្វឹកហាត់​ប្រចាំថ្ងៃ​គឺ​ហ្វឹកហាត់​រក្សា​បច្ចេកទេស​ឲ្យ​លេង​ត្រូវចង្វាក់គ្នា ហើយ​យើង​ក៏​ព្យាយាម​មើល​ដៃគូ​របស់​យើង​ដែរ ថា​ដៃគូ​យើង​ជា​អ្នកណា ហើយ​គេ​ខ្លាំង​អី គេ​ខ្សោយ​អី​សិក្សា​ពី​គេ​។​

ក្រុម​ទាំងមូល​បាន​នឹង​កំពុងធ្វើការ​ហ្វឹកហាត់​បិទ​ខ្ទប់​ហើយ​របប​អាហារ​ក៏​ជា​រឿង​ចាំបាច់​នៅក្នុង​អំឡុង​ពេលនេះ​ផងដែរ ជាមួយនឹង​ការទទួល​ទាន​អាហារ​មាន​សារជាតិ​ចិញ្ចឹម​ច្រើន រួមទាំង​ការរក្សា​កម្លាំង​ការរក្សា​សុខភាព​និង​ជាពិសេស​ជៀសវាង​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​។​
​សម្រាប់​ក្ដីសង្ឃឹម​របស់​ក្រុមកីឡា​បាល់ទះ​ជនពិការ​កម្ពុជា​នៅក្នុង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​​លើក​នេះ​គឺមាន​សង្ឃឹម​ច្រើន​សង្ឃឹមថានឹង​បាន​មេដាយ​ព្រោះ​ពីមុន​កម្ពុជា​ធ្លាប់​ទទួលបាន​មេដាយ​ម្ដង ហេតុនេះ​កម្ពុ​ជាមាន​ជំនឿ​ជាក់​លើ​ខ្លួនឯង​ច្រើន​។ ហើយ​សម្រាប់​ដៃគូ​ប្រកួត គឺ​យើង​ធ្លាប់​ប្រកួត​ជាមួយគ្នា​ច្រើនដង​ហើយ អ៊ីចឹង​យើង​អាច​ស្គា​ល់ពី​គាត់​ច្បាស់​។​

​ប្រទេស​ដែល​ខ្ញុំ​ថា​ពិបាក​ប្រកួតប្រជែង​មាន ថៃ មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ី ព្រោះ​ដូចជា​ថៃ មាន​កីឡាករ​ថ្មីៗ​ច្រើន ហើយ​ការហ្វឹកហាត់​របស់គេ​ល្អ​ជាង​យើង ហើយ​ធនធាន​កីឡាករ​គេ គឺ​គេ​ដើរ​មុន​យើង​។ ចំណែក​មី​យ៉ាន់​ម៉ា គេ​ជា​ម្ចាស់​មេដាយមាស កាលពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ម៉ាឡេស៊ី ហើយ​មួយទៀត​ឥណ្ឌូនេស៊ី ព្រោះ​អីយើ​ង​អត់​ដែល​ឃើញ​គេ​ប្រកួត និង​លេង​ជាមួយ​គេ និង​អត់​ដឹង​សមត្ថភាព បច្ចេកទេស​គេ​បែប​ម៉េច​៕​