​ដោយៈ ពៅ​និមល​/​ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានសម្រេច​ពន្យារ​កាល​បរិច្ឆេទ​ការផាកពិន័យ​ចំពោះ​ការដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រហូតដល់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២២​។

​ក្រសួងពាណិជ្ជកម្ម​នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី​ការពន្យារពេល​ការផាកពិន័យ​ចំពោះ​ការដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា​កន្លងទៅ​បាន​ស​សេរ​ថា ដោយ​សង្កេតឃើញថា អាជីវករ សហគ្រាស​ឯកបុគ្គល និង​ក្រុមហ៊ុន​ជាច្រើន​លើសលុប បានមក​ក្រសួងពាណិជ្ជកម្ម ដើម្បី​ដាក់​ពាក់​ស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្រសួង​សម្រេច​ពន្យារ​បន្តទៀតរ​ហូត​ដល់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១៧:00 នាទី​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​រូបវន្តបុគ្គល សហគ្រាស​ឯកបុគ្គល ឬ​ក្រុមហ៊ុន​អាចមក​ទទួល​លេខ​រៀង ដើម្បី​ដាក់ពាក្យ​ស្នើសុំ​នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម ឬ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ដែល​រូបវន្តបុគ្គល សហគ្រាស​ឯកបុគ្គល ឬ​ក្រុមហ៊ុន​តាំងនៅ រៀងរាល់​ម៉ោង​ធ្វើការ ចាប់​ពីថ្ងៃ​ជូនដំណឹង​តទៅ​។​

​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​បន្ថែមថា ចំពោះ​អាជីវកម្ម​ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម អាជីវកម្ម​នោះ​នឹងត្រូវ​ទទួល​ការផាកពិន័យ​ជា​ប្រាក់ និង​អាចមាន​
​ការផ្តន្ទាទោស​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​៕​