ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កងកម្លាំងរុស្ស៊ីបានបោះបង់ចោលជំរំយោធាសមុទ្រខ្មៅយុទ្ធសាស្ត្ររបស់ខ្លួននៅលើកោះពស់កាលពីថ្ងៃព្រហស្បតិ៍ទី៣០មិថុនាដែលនេះជាជ័យជម្នះមួយសម្រាប់អ៊ុយក្រែន ដែលអាចបន្ធូរបន្ថយការបិទផ្លូវរបស់រុស្ស៊ីលើកំពង់ផែអ៊ុយក្រែន។
រុស្ស៊ីបាននិយាយថា ខ្លួនបានសម្រេចចិត្តដកចេញពីតំបន់ឆ្នេរភាគនិរតីរបស់អ៊ុយក្រែនជា “កាយវិការសុច្ឆន្ទៈ”ដើម្បីបង្ហាញថាទីក្រុងមូស្គូមិនរារាំងការប៉ុនប៉ងរបស់អង្គការសហប្រជាជាតិក្នុងការបើកច្រករបៀងមនុស្សធម៌ ដែលអនុញ្ញាតឱ្យដឹកជញ្ជូនភោគផលពីអ៊ុយក្រែននោះទេ។
តែអ៊ុយក្រែនបាននិយាយថា ខ្លួនបានបណ្តេញកងកម្លាំងរុស្ស៊ីចេញបន្ទាប់ពីការវាយប្រហារដោយកាំភ្លើងធំនិងមីស៊ីលពេញមួយយប់។
លោក អង់ឌ្រី យើម៉ាក់ (Andriy Yermak)នាយសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរលើ Twitter ថា “កាប៊ូម!លែងមានកងទ័ពរុស្ស៊ីនៅលើកោះពស់ទៀតហើយ។ កងកម្លាំងប្រដាប់អាវុធរបស់យើងធ្វើបានអស្ចារ្យមែន”។
ផ្ទុយទៅវិញ មន្ត្រីអ៊ុយក្រែនម្នាក់នៅក្នុងខេត្តលូហានសខ៍ភាគខាងកើត បានរៀបរាប់ពីការលំបាកសម្រាប់កងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុងលីស៊ីចាន់ (Lysychansk) កាលពីថ្ងៃព្រហស្បតិ៍។
អភិបាលតំបន់លោក សឺហ៊ី ហ្គាយដេ (Serhiy Gaidai)បាននិយាយតាមទូរទស្សន៍អ៊ុយក្រែនថា កាំភ្លើងធំរបស់រុស្ស៊ីបានបាញ់ផ្លោងពីគ្រប់ទិស ខណៈកងទ័ពរុស្ស៊ីកំពុងរុលចូលពីគ្រប់ទិសទី។
លោកហ្គាយដេបាននិយាយថា “អ្នកស្រុកត្រូវបានប្រាប់ឱ្យស្នាក់នៅក្នុងជម្រកក្រោមដីដោយគ្មានកាលកំណត់ព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់”។
មន្ត្រីម្នាក់មកពីរដ្ឋបាលផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ីក្នុងខេត្តលូហានសខ៍បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថារោងចក្រចម្រាញ់ប្រេងរបស់ក្រុងលីស៊ីចាន់ឥឡូវនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងកម្លាំងរុស្ស៊ីនិងកងកម្លាំងដែលគាំទ្ររុស្ស៊ី ហើយផ្លូវទាំងអស់ទៅកាន់ទីក្រុងលីស៊ីចាន់ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេផងដែរ។ អ៊ុយក្រែននិយាយថាផ្លូវធំគឺមិនអាចឆ្លងកាត់បានទេដោយសារតែការប្រយុទ្ធគ្នា ប៉ុន្តែទីក្រុងនេះមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅឡើយទេ៕
ជំរំយោធារបស់រុស្ស៊ីនៅលើកោះពស់ត្រូវបានបោះបង់ចោលកាលពីថ្ងៃព្រហស្បតិ៍