ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា សាលី អូ​ម៉ើ​ត បាន​ប្តេជ្ញាចិត្ត​ដោយ​ក្ដីសង្ឃឹម​ខ្ពស់​ក្នុងការ​ទទួលលទ្ធផល​ល្អប្រសើរ​ពី​ការប្រកួត​ជើងឯក​ម៉ូតូ​ទឹក​ពិភពលោក (2022 World Series) ឆ្នាំ​២០២២ ជុំ​ទី​១ នៅ​ប្រទេស​ប៉ូឡូញ​។​

​មន្ត្រី​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​ម្ពុ​ជា​លោក ម៉ម អា​នី បាន​ឲ្យ​ដឹងថា សម្រាប់​ការប្រកួត​កីឡា​ជើងឯក​ម៉ូតូ​ទឹក​ពិភពលោក 2022 World Series នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ សរុប​១៣​នាក់ ទៅ​ចូលរួម​នៅ​ប្រទេស​ប៉ូឡូញ ចាប់ពី​ថ្ងៃទី​១៩ ដល់​២៤ ខែកក្កដា ឆ្នាំ​២០២២​។ កីឡាករ សាលី អូ​ម៉ើ​ត នឹង​ប្រកួត​៣​វិញ្ញាសា គឺ Pro-Am Ski Modify ជា​វិញ្ញាសា​ដែល​រូបគេ​ធ្លាប់​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៨ និង​វិញ្ញាសា Pro-Am Ski Lites Stock ព្រមទាំង Pro-Am Ski 4 Strokes Stock​។​

​ជុំវិញ​ការធ្វើដំណើរ​ទៅនេះ កីឡាករ សាលី អូ​ម៉ើ​ត បាន​បញ្ជាក់ថា ការប្រកួត​ជើងឯក​ម៉ូតូ​ទឹក​ពិភពលោក​នេះ ខ្លួន​អត់​បាន​ចូលរួម​ប្រកួត​រយៈពេល​២​ឆ្នាំ​មកហើយ ដោយសារ​បញ្ហា​របួស​ឆ្អឹងខ្នង​។ ដូច្នេះ​សម្រាប់​ឆ្នាំ​២០២២​នេះ​រូបគេ​ត្រូវតែ​ដណ្តើមពាន​រង្វាន់​នេះ មក​ជូន​កម្ពុជា​ឲ្យ​ខាងតែបាន​។ ការប្តេជ្ញាចិត្ត​ខ្ពស់​បែបនេះ ដោយសារ​រូបគេ​បាន​ត្រៀមខ្លួន​ល្អ ទាំង​ការហ្វឹកហាត់ និង​បាន​ទិញ​ម៉ូតូ​ទឹក​ថ្មី​ផងដែរ​។​

​អូ​ម៉ើ​ត បាន​លើកឡើងថា​ចំពោះ​រូបគេ​ទៅលើ​ក​នេះ សង្ឃឹម​ខ្ពស់​មែនទែន ពីព្រោះ​យើង​បាន​ត្រៀមខ្លួន ក៏ដូចជា​បាន​ទិញ​ម៉ូតូ​ថ្មី​។ យើង​ត្រៀមខ្លួន​បានល្អ​មែនទែន​។ ឆ្នាំនេះ គេ​សង្ឃឹមថា នឹង​យក​ពានរង្វាន់​ពិភពលោក World Series មក​ជូន​កម្ពុជា​ឲ្យ​ទាល់តែ​បាន​។​

​អតីត​ម្ចាស់​មេដាយមាស​ម៉ូតូ​ទឹក​អាស៊ី​រូបនេះ​បន្តថា​ប្រទេស​ដែល​ខ្លាំង​មិនអាច​មើលស្រាល​បាន គឺ​កីឡាករ​សហរដ្ឋអាមេរិក ដោយសារ​ពួកគេ​មានការ​ប្រកួត​ច្រើន​ជា​រៀងរាល់ខែ ដូច្នេះ​ធ្វើ​ឲ្យ​សមត្ថភាព និង​សិទ្ធ​ផល​កើនឡើង​ខ្ពស់​ដែល​ខុសពី​ការប្រកួត​នៅ​អាស៊ី​២​ខែម្តង​។ ក្នុងនោះដែរ អត្ត​ព​លិ​ក​ម៉ូតូ​ទឹក​កម្ពុជា​រូបនេះ ក៏​ជួប​បញ្ហា​ប្រឈម​ខ្លះ ដោយសារ​កីឡាករ​៤​រូប ខ្វះ​ម៉ូតូ​ទឹក តម្រូវ​ឲ្យ​សហព័ន្ធ​ត្រូវ​ជួល​ម៉ូតូ​ទឹក​នៅ​ទីនោះ​ដើម្បី​ប្រកួត​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​ពិភពលោក ឆ្នាំ​២០២២ មាន​៣​ជុំ គឺ​ជុំ​ទី​១ ធ្វើ​នៅ​ប្រទេស​ប៉ូឡូញ ជុំ​ទី​២ នៅ​សហរដ្ឋអាមេរិក និង​ជុំ​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​ថៃ​។

​សម្រាប់​ការចូលរួម​ប្រកួត​នេះ កម្ពុជា​បញ្ជូន​កីឡាករ​៧​រូប រួមមាន កីឡាករ សាលី អូ​ម៉ើ​ត​, មីន ម៉ូ​ស្តា​ន​, កៃ វ៉ាន់​ស៊ី​ដែន​, មីន អូស្មាន់​, សាលី ហ្វី​លីន​, ស៊ីម សា​ក់រនី និង​ប្រតិភូ គ្រូបង្វឹក ៦​នាក់ ដឹកនាំ​ដោយ​ឯកឧត្តម ណុះ ស្លេះ​ជា ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​៕​