ដោយ​: សុខុម / រតនគិរី​: កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ការិយាល័យ សុវត្ថិភាព ចរាចរណ៍ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តរតនគិរី បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ បាន​ចុះ​ផ្សព្វផ្សាយ និង​ចែកជូន​ឯកសារ ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ នៅ​ទីរួមស្រុក​កូន​មុំ​។​

​ការចុះ​ផ្សព្វផ្សាយ​នោះ គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ ពី​មាន អត្រា​ខ្ពស់ ឱ្យមក​នៅ​ទាប​បំផុត ។ កន្លងមក តាម​ដងផ្លូវ​ជាតិ​លេខ​៧៨ ក្នុងស្រុក​កូន​មុំ តែងតែមាន គ្រោះថ្នាក់​ចរាចរណ៍ ជា​ញឹកញាប់ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​។​

​មន្ទីរ​ក៏បាន​ផ្សព្វផ្សាយ ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ២៥០ ក្បាល​, សៀវភៅ​សម្រាប់ អ្នកបើកបរ​ម៉ូតូ ២៥០ ក្បាល​, សញ្ញា​ចរាចរណ៍​សំខាន់ៗ ៤០ ផ្ទាំង​, សីលធម៌ ១០ សម្រាប់​អ្នកបើកបរ ២៥០ សន្លឹក​, ស្ទីក​ឃ័​រ​ចំណាំងផ្លាត ២៥០ សន្លឹក​, ពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ ៤០ សន្លឹក និង​បាន​ចែកជូន​ឯកសារ ដល់​អធិការដ្ឋាន​នគ​របាល ស្រុក​កូន​មុំ មួយចំនួន និង​ស្ទីគ​ឃ័​រ​ចំណាំងផ្លាត ចំនួន ១.០០០ សន្លឹក​៕/V​-PC