ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ បន្ថយភាព ក្រីក្រ របស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ លោក សោម សុធា អគ្គនាយកក្រុមហ៊ុន ភូមិខ្មែរគ្រុប និងជាប្រធានក្រុមប្រឹក្សា ភិបាល ផ្សារមរតក ដែលមានលក់ អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង និងផ្សារមេឃ នៃក្រុមហ៊ុនផ្សារមរតក ឯកជន ( ឯ.ក ) ដែលជា ផ្សារធំទី២ នៅលើទឹកដីក្រុង ស្វាយរៀង បានផ្តល់តូបចំនួន ១២០ តូប ដល់ប្រជាពលរដ្ឋ ជាអាជីវករ ដោយឥត គិតថ្លៃ និងប្រគល់ប័ណ្ណសម្គាល់ម្ចាស់ស្តង់និងផ្សារមេឃ ដែលមានទីតាំង ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក សោម សុធា បានមានប្រសាសន៍ថាៈ ចាប់តាំងពីក្រុមហ៊ុនរបស់លោក ដំណើរការលក់ អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង គឺមានអថិជនគាំទ្រច្រើនលើសលប់ ហើយទទួលបាន ជោគជ័យ ស្ទើរគ្រប់គម្រោង ហើយល្ងាចនេះផងដែរ លោកអគ្គ នាយក និងសហការី បានជួបស្វាគមន៍បងប្អូនអាជីវករ ដែលជាម្ចាស់ស្តង់ផ្សារ តូបផ្សារមេឃ ប្រមាណជាង ១០០ នាក់ ដែលអញ្ជើញមកទទួលវិញ្ញាបនបត្រ បញ្ជាក់ម្ចាស់កម្មសិទ្ធិ ហើយពួកគាត់ បានត្រៀមខ្លួន រួចជាស្រេច ចូលលក់ឆាប់ៗនេះ ទាំងប្រភេទ បន្លែ ត្រី សាច់ អាហារ ផ្លែឈើ ទំនិញជាច្រើន ប្រភេទទៀត។
លោកអគ្គនាយក សោម សុធា បានមានប្រសាសន៍បន្តទៀតថាៈ លោកសូម អរគុណ ដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ទើបលោក មានឱកាស បានវិនិយោគ និងការអភិវឌ្ឍ លើទឹកដីខេត្តស្វាយរៀង ក្នុងនោះ ក៏មានការគាំទ្រ ពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អាជ្ញាធរដែនដី និងស្ថាប័នដែលមាន ការពាក់ព័ន្ធ ជួយសម្របសម្រួល ដល់ក្រុមហ៊ុនរបស់លោក ក្នុងការបង្កើតផ្សារមរតកនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាជន ក្នុងក្រុងសហគមន៍នេះ កាន់តែងាយ ស្រួល ប្រកបអាជីវកម្មផ្សេងៗ។ ទន្ទឹមនឹងនេះ លោកក៏បានស្វាគមន៍ បងប្អូនអាជីវករ ដែលជាម្ចាស់ស្តង់ផ្សារ និង តូបផ្សារក្រមួន (ផ្សារមេឃ) មកទទួល យកប័ណ្ណសម្គាល់តូបរបស់ ពួកគាត់ យ៉ាងសប្បាយរីករាយ ព្រោះពួកគាត់ បានទទួលទីតាំងល្អៗ សម្រាប់បើកអាជីវកម្ម តូចធំរបស់គាត់ ពិសេសបាន សម្រួលការងាយស្រួល ដល់បងប្អូនប្រជាកសិករ ទិញ ឬ លក់ បន្លែ ផ្លែ ឈើ ត្រីសាច់ និងសម្ភារ:ប្រើប្រាស់សំខាន់ៗ នៅជិតផ្ទះ និងសហគមន៍របស់ ពួកគាត់តែម្ដង ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ ដែលបានមកទទួលប័ណ្ណសម្គាល់តូប ពីលោក អគ្គនាយក ក្រមហ៊ុន ភូមិខ្មែរគ្រុប បានសម្តែងនូវទឹកចិត្តរីករាយ ដោយទទួលបាន នូវតូបលក់ដូរ ដោយឥតគិតថ្លៃនៅផ្សារ ក្នុងគម្រោងភូមិមរតក ក្រុងស្វាយរៀង ហើយរំពឹងថា លោក អគ្គនាយក នឹងបន្តការអភិវឌ្ឍ ក្នុងសហគមន៍ ក៍ដូចជាខេត្ត របស់យើង កាន់រីកចំរើនលូតលាស់ ទៅមុខ។
សូមបញ្ជាក់ថា ផ្សារមរតក នឹងរៀបចំរួចរាល់ ១០០% នៅត្រឹមខែកក្កដានេះ ហើយនឹងមាន បងប្អូនអាជីវករ ចូលបើកតូប ស្តង់លក់ រាប់រយអាជីវកម្មតែម្តង៕/V-PC