ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ មិថុនា​ថា ខ្លួន​រំពឹង​ការ​ឆ្លងកូវី​ដ​១៩​នឹង​កើនឡើង​ខ្ពស់​នៅ​អឺរ៉ុប​នៅ​រដូវក្តៅ​នេះ ហើយ​អំពាវនាវ​ឱ្យ​ប្រទេស​នានា​តាមដាន​ការឆ្លង​រាលដាល ខណៈ​ករណី​ឆ្លង​បាន​កើនឡើង​បី​ដង​កាលពី​ខែ​មុន​។​

​នាយក WHO ប្រចាំ​តំបន់​អឺរ៉ុប លោក ហាន គ្លូ​ហ្គ (Hans Kluge) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​”​ខណៈ​ប្រទេស​នានា​ទូទាំង​តំបន់​អឺរ៉ុប​បាន​ដកចេញ​នូវ​វិធានការ​គម្លាត​សង្គម​ដែល​ធ្លាប់​​ត្រូវបាន​អនុវត្ត​កាលពីមុន មេរោគ​កូរ៉ូណា​នឹងឆ្លង​ក្នុង​កម្រិត​ខ្ពស់​នៅ​រដូវក្តៅ​។​មេរោគ​នេះ​នឹង​មិន​បាត់​ទៅ​ណា​ដោយសារតែ​ប្រទេស​នានា​ឈប់​ស្វែងរក​វា​នោះ​ទេ​។ វា​នៅតែ​ឆ្លង​រាលដាល វា​នៅ​តែបំ​ប្លែងខ្លួន ហើយ​វា​នៅតែ​ឆក់យក​ជីវិត​មនុស្ស​”​។​

​ជាមួយនឹង​អនុ​មេរោគ​បំប្លែង​អូ​មី​ក្រុង​ឈ្មោះថា BA.5 ដែល​ស្រាល​ជាង​ប៉ុន្តែ​ឆ្លង​លឿន​ជាង​មុន​កំពុង​រីក​រាលដាល​ពាស​ពេញ​ទ្វីបអឺរ៉ុប ប្រទេស​ចំនួន ៥៣ នៅក្នុង WHO អឺរ៉ុប​បច្ចុប្បន្ន​កំពុង​កត់ត្រា​ឃើញ​​អ្នក​ឆ្លង​ជិត ៥០០.០០០ ករណី​ជា​រៀងរាល់ថ្ងៃ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់ WHO​។​

​នោះ​គឺ​កើនឡើង​ពី​ប្រហែល ១៥០.០០០ ករណី​ជា​រៀង​រាល់ថ្ងៃ​នៅ​ចុងខែ​ឧសភា​។​

​ប្រទេស​អូទ្រីស ស៊ី​ប បារាំង អាល្លឺម៉ង់ ក្រិក លុច​សំបួរ និង​ព័រ​ទុយ​ហ្គាល់ គឺជា​ប្រទេស​ដែល​មាន​អត្រា​ឆ្លងកូវី​ដ​ច្រើនជាងគេ ដោយ​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅក្នុង​តំបន់​មាន​ការកើនឡើង​ករណី​ឆ្លង​ដូចគ្នា​៕

ប្រទេស​អឺរ៉ុប​ទាំង ៥៣ មាន​ការកើនឡើង​ករណី​ឆ្លង​កូវី​ដ​១៩​ខ្ពស់​ដូច​គ្នា​កាលពី​ខែ​មិថុនា​