ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ តាមរយៈ​កិច្ចសហការ រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងទេសចរណ៍ ក្នុងការ​ជំរុញ​ការដាក់បញ្ចូល កម្មវិធីសិក្សា​ទេសចរណ៍ ទៅក្នុង​កម្មវិធី​សិក្សាអប់រំ​វិជ្ជាជីវៈ ជម្រើស​ក្នុង​សាលា​ចំណេះ​ទូទៅ ក្រសួង​ទាំងពីរ បាន​ផ្សព្វផ្សាយ និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សៀវភៅ​ទេសចរណ៍ ជា​មុខវិជ្ជា​មួយ​រៀន នៅ​ថ្នាក់​ទី​១១ សម្រាប់​សាលា​ចំណេះដឹង​ទូទៅ របស់​ក្រសួង អប់រំ​។​

​ថ្លែង​នាឱកាស​នោះ លោក ថោង ខុន ក៏បាន​ថ្លែងអំណរគុណ​ដល់ លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន និង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​តែងតែ​ផ្ដល់​ការគាំទ្រ និង​កិច្ចសហការ​យ៉ាង​ល្អ លើ​ការដាក់បញ្ចូល កម្មវិធីសិក្សា​ទេសចរណ៍ ទៅក្នុង​កម្រិតសិក្សា ចំណេះដឹង​ទូទៅ ដែល​រួមមាន​ទាំង ការរៀបចំ​សៀវភៅ​ទេសចរណ៍ ថ្នាក់​ទី​១១ និង​ទី​១២ ដើម្បី​បញ្ចូល​ក្នុង​កម្មវិធី សិក្សា​ចំណេះដឹង​ទូទៅ និង​ការរៀបចំ​កម្មវិធី​បណ្ដុះ​បណ្ដាល ជំនាញ​ទេសចរណ៍ សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់ តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស (​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២)​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ ការដាក់បញ្ចូល​កម្មវិធី​សិក្សា​ទេសចរណ៍ ទៅក្នុង កម្រិតសិក្សា ចំណេះដឹង​ទូទៅ​នេះ គឺជា​ទិសដៅ​យុទ្ធសាស្ត្រ នៃ​ផែនការ​អភិវឌ្ឍ ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ចូលរួម​ជំរុញ​ការបណ្ដុះបណ្ដាល និង​លើកកម្ពស់​ធនធាន អ្នកជំនាញ​ទេសចរណ៍ ឱ្យ​ឆ្លើយតប​ទាំង​បរិមាណ និង​គុណភាព ស្របតាម​តម្រូវការ​អភិវឌ្ឍន៍ ក្នុង​វិស័យ​ទេសចរណ៍ ដែល​វិស័យនេះ ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ ដើរតួ​ជា «​មាស​បៃតង​» រួមចំណែក​ដល់​ការ អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការការពារ​បរិស្ថាន ចូលរួម​ដល់​ការកសាង​សេដ្ឋកិច្ច បៃតង​នៅ​កម្ពុជា ដែលជា​ផ្នែក​គាំទ្រ​ដល់ ការសម្រេចបាន​នូវ គោលដៅ​អភិវឌ្ឍ ប្រកប ដោយ​ចីរភាព (SDGs) ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ (UN) ។​

​ជាមួយគ្នា​នោះ​ផងដែរ លោក អ៊ឹម កុ​ច ក៏បាន​បញ្ជាក់ដែរថាៈ ដើម្បី​ចូលរួម លើកកម្ពស់ ការយល់ដឹង​របស់ សិស្សានុសិស្ស លើ​វិស័យ​ទេសចរណ៍ ចំពោះ​សិស្ស​ដែល​បាន​រៀន​ចប់ ត្រឹម​ថ្នាក់​ទី​៩ នឹង​បន្ត​ចូលរៀន នៅតាម​សាលា អប់រំ​បច្ចេកទេស រាប់ទាំង​ជំនាញ​ទេសចរណ៍ រយៈពេល ៣ ឆ្នាំ ក្រោយពេល​ប្រឡង បាន​ជោគជ័យ និង​ទទួលបាន​សញ្ញាបត្រ​មួយ ដែលមាន​តម្លៃ ស្មើនឹង​សញ្ញាបត្រ បាក់​ឌុប ផងដែរ ហើយ​បេក្ខជន អាច​ស្នើសុំ​សញ្ញាបត្រ​នេះ ដែលមាន​ការបោះ​ត្រា និង​ចុះហត្ថលេខា​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា​៕/V​-PC