ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​០១​កក្កដា​ថា អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មនុស្ស​ថែម​ទៀត​នៅពេល​ពួកគេ​បន្ត​ប្រតិបត្តិ​ការបោសម្អាត​បន្ទាប់​ពី​ការ​​ផ្អាក​ការការស្វែងរក​អ្នក​បាត់​ខ្លួន​ជិត​៧០​នាក់កាលពី​យប់​ក្រោយ​ការ​រលំ​បាក់​ដី​សង្កត់​បង្កឡើង​ដោយការ​ធ្លាក់​ភ្លៀង​ខ្លាំង​ដែល​រហូត​ដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​១៦​នាក់​ហើយ​នៅ​ការដ្ឋាន​សំណង់​​ផ្លូវដែក​មួយ​នៅ​ភាគ​ឦសាន​ឥណ្ឌា​។​

​បុគ្គលិក​ឆ្លើយតប​គ្រោះមហន្តរាយ​​រួមទាំង​ប៉ូលិសជាង​២០០​នាក់​កំពុង​ប្រើ​គ្រឿង​បរិក្ខាចូ​កកាយ​សម្អាត ដូចជា​ត្រាក់ទ័រ​ចូក​ប៊ុល​ដូ​ហ្សឺ ដើម្បី​សង្គ្រោះ​អ្នក​កប់​ក្រោម​ដី​នៅ​ទីប្រជុំជន​ណូនី​( Noney) ក្បែរ​ទីក្រុង​អ៊ី​ម​ផល​(Imphal)​ក្នុង​រដ្ឋ​ម៉ា​នី​ពួរ​(Manipur)​។​តែ​សណ្ឋាន​ដី​ធ្វើអោយ​ពួក​គេ​ពិបាក​ប្រើ​គ្រឿងចក្រ​ធន់​ធ្ងន់​។​

​អេច ហ្គី​តេ​(H. Guite)​មន្ត្រី​ប្រចាំ​តំបន់ បាន​និយាយថា​ការធ្លាក់​ខ្លាំង​បន្ត​នៅ​ក្នុង​តំបន់​កើតហេតុ​ហើយ​លោក​បាន​ស្នើសុំ​កម្លាំង​បន្ថែម​។​សាកសព​មនុស្ស​១៦​នាក់​ត្រូវបាន​រកឃើញ​តាំងពី​មុន​មក ក្រោយ​ការ​បាក់ថ្ម​កូនភ្នំសង្កត់​លើ​តំបន់​គំរោង​ផ្លូវដែក​។​

​សារព័ត៌មាន​បាន​និយាយថា ទឹកទន្លេ​ឡើង​ប្រៀប​ច្រាំង​ដោយសារ​តែ​កំទេច​ដី​បាក់​បាំង​ប្រៀបដូចជា​សំណង់​ទំនប់​ទឹកមួយ​នៅ​ក្នុង​តំបន់​នេះ ហើយ​ប្រជាជន​រស់នៅ​ក្បែរៗ​នោះ​ត្រូវបាន​ប្រាប់​អោយ​ភៀសខ្លួន​។​

​អភិបាលរដ្ឋ​លោក អិន ប៊ី​រ៉េន ស៊ី​ង បាន​និយាយថា សមាជិក​យោធា​ប្រាំពីរ​នាក់ និង​មន្ត្រី​ផ្លូវដែក​ប្រាំ​នាក់​ស្ថិត​ចំណោម​អ្នក​កំពុង​បាត់​ខ្លួន​និង​សង្ស័យ​ថា​ស្លាប់​។​

​រូបភាព​បញ្ចេញ​ដោយ​កង​ម្លាំង​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ បង្ហាញ​បុគ្គលិក​ជួយ​សង្គ្រោះ​និង​អ្នកដទៃ​ទៀត​ព្យាយាម​សង្គ្រោះ​អ្នក​កប់​ក្នុង​គំនរ​ដី​ថ្ម​នៅ​ក្រុង​អ៊ី​ម​ផល​ក្នុង​រដ្ឋ​ម៉ា​នី​ពួរ របស់​ឥណ្ឌា​ភាគ​ឦសាន​​កាលពី​ថ្ងៃ​៣០​មិថុនា​

​សូមបញ្ជាក់​ថា ដោយសារ​តែ​តំបន់​នេះ​មាន​ការបះបោរ​ឧទ្ទាម ទាហាន​ត្រូវបាន​បញ្ជូន​ទៅ​ផ្តល់​សន្តិសុខ​ដល់​មន្ត្រី​ផ្លូវដែក​។​ជនរងគ្រោះ​ភាគច្រើន​បាន​កំពុង​ដេក​លក់​នៅពេល​ការបា​ក់ដី​សង្តត់​កើតឡើង​​កាលពីដើម​ថ្ងៃ​ព្រហស្បតិ៍​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​និយាយថា លោក​បាន​តាមដាន​សភា​ព​ការណ៍​គ្រោះថ្នាក់​នេះ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ធានា​ផ្តល់គាំទ្រ​គ្រប់យ៉ាង​ពី​រដ្ឋាភិបាល​សហព័ន្ធសំរាប់ប្រតិបត្តិការស្វែងរក សង្រ្គោះនិងបោសសម្អាតការដ្ឋាននេះ​។​

​ការ​ធ្លាក់ភ្លៀង​ជាប់​នៅ​បី​សប្តាហ៍​មក​នេះ​បាន​បង្ក​បញ្ហា​ពាសពេញ​ភាគ​ឦសាន​ឥណ្ឌា​ដែល​រួមមាន​ប្រាំបី​រដ្ឋ​និង​ប្រជាជន​៤៥​លាន​នាក់ ។​​មនុស្ស​ប្រមាណ​២០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ជំនន់​ទឹកភ្លៀង​និង​ការបា​ក់ដី​នៅក្នុង​រដ្ឋ​អា​សាម​,​ម៉ានី​ពួរ​,​ទ្រី​ពូ​រ៉ា​និង​ស៊ី​ក​គីម ខណៈ​មនុស្ស​រាប់សែន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះ​របស់​គេ​៕