​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្មេងស្រី​វៀតណាម​ដែល​គេ​ឃើញ​នៅក្នុង​រូបថត​សង្គ្រាម​ដ៏​ល្បី​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ទទួល​ការព្យាបាល​ស្បែក​ចុងក្រោយ​របស់​គាត់​នៅ​ឯ​គ្លីនិក​​ក្រុង​ម៉ៃ​អា​មី សហរដ្ឋ​អាម៉េរិក​ក្នុង​សប្តាហ៍​នេះ ពោលគឺ ៥០ ឆ្នាំ​បន្ទាប់ពី​លោកស្រី​បានរ​លា​កដោយ​ការទម្លាក់​គ្រាប់បែក​ណា​ប៉ាល់​។​

​លោកស្រី គឹម ហ្វ៊ុក ផាន ទី (Kim Phuc Phan Ti) បច្ចុប្បន្ន​អាយុ ៥៩ ឆ្នាំ​ត្រូវបាន​ថត​ជាប់​ដោយ​អ្នកកាសែត​ម្នាក់​នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ១៩៧២​ពេល​កំពុង​រត់​ឆ្ពោះទៅ​កាន់​កាមេរ៉ា​​ហើយ​ស្រែកយំ​បន្ទាប់​ពី​ការវាយប្រហារ​បានធ្វើឱ្យ​រាងកាយ​របស់​គាត់​រលា​ក​កម្រិត​បី​។ លោកស្រី​កាលណោះ​មាន​អាយុ ៩ ឆ្នាំ ហើយ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា “​ក្មេងស្រី​គ្រាប់​ណា​ប៉ាល់​”​។​

​របួស​របស់​គាត់​បាន​បន្សល់ទុក​នូវ​ការឈឺចាប់​ពេញ​មួយ​ជីវិត​របស់​គាត់ ដែល​នាំ​ឱ្យ​គាត់​ស្វែងរក​ការវះកាត់​និង​ការព្យាបាល​ស្បែក​ជា​ច្រើនលើក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​សម្រាល​​ការឈឺចាប់​។ លោកស្រី​បាន​ទទួល​ការព្យាបាល​ចុងក្រោយ​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មិថុនា​។​

​អ្នកកាសែត ដែល​បាន​ថតរូប​លោកស្រី​ក្នុង​ឆ្នាំ ១៩៧២ គឺ​លោក នី​ក អាត់ (Nick Ut) អាយុ ៧១ ឆ្នាំ​បាន​ចូលរួម​ជាមួយ​លោកស្រី​សម្រាប់​ការថតរូប​វះកាត់​ព្យាបាល​នេះ ពោលគឺ​ជាង ៥០​ឆ្នាំ​គិតពី​ថ្ងៃ​​ដែល​គាត់​បាន​ថតរូប​ដែល​ឈ្នះ​ពានរង្វាន់ Pulitzer នេះ​។​

​លោកស្រី​ផាន ទី​បាន​ប្រាប់​ទូរទស្សន៍ CBS News​ថា លោកស្រី​ចងចាំ​យ៉ាងច្បាស់​ថា​បាន​កំពុង​លេង​ជាមួយ​ក្មេងៗ​ផ្សេង​ទៀត​នៅថ្ងៃនោះ​ក្នុង​ឆ្នាំ ១៩៧២​នៅពេល​ដែល​ទាហាន​វៀតណាម​ចាប់ផ្តើម​ស្រែក​​ឱ្យ​ពួកគេ​រត់​។​

​លោកស្រី​បាន​និយាយថា “​ហើយ​ខ្ញុំ​មើល​ឡើង​លើ ខ្ញុំ​បាន​ឃើញ​យន្តហោះ​និង​គ្រាប់បែក​បួន​គ្រាប់​ធ្លាក់​ចុះ​មក​តែម្តង​”​។​

​លោកស្រី​ផាន ទី​និង​អ្នក​ផ្សេង​ទៀត​បាន​រត់​ភៀសខ្លួន​ពី​ការវាយប្រហារ​របស់​វៀតណាម​ខាងជើង​នៅ​ក្រៅ​ភូមិត្រាង​បា​ង (Trang Bàng)​នៅពេល​ដែល​កងទ័ពអាកាស​វៀតណាម​ខាងត្បូង​ច្រឡំ​​ស្មានតែ​ជា​ក្រុម​ទាហាន​វៀតណាម​ខាងជើង ហើយ​ទម្លាក់​គ្រាប់បែក​ណា​ប៉ាល់​មកលើ​ពួកគេ​។​

​សម្លៀក​បំពាក់​របស់លោក​ស្រី​ត្រូវបាន​ឆេះ​អស់ ហើយ​លោក​ស្រី​បាន​រងរបួសរ​លា​កកម្រិត​ទីបី​ពេញ​ខ្លួនប្រាណ​។​

​លោកស្រី​បាន​រំ​ឮ​ក​ឡើងវិញ​នូវ​ការ​ស្រែកថា “​ក្តៅ​ណាស់​! ក្តៅ​ណាស់​!” ជា​ភាសា​វៀតណាម ពេល​គាត់​រត់ចេញ​ពី​ភ្លើង​។​

​នោះ​ហើយ​ជា​ពេល​ដែល​លោក​អាត់​បាន​ថតរូប​មួយ​នេះ ដែល​បាន​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​ទំព័រមុខ​កាសែត New York Times៕

​លោកស្រី​ផាន ទី ទីបំផុត​បាន​ព្យាបាល​ស្បែក​ចុងក្រោយ​របស់​គាត់​នៅ​គ្លីនិក​ម៉ៃ​អា​មី​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មិថុនា​ឆ្នាំ​២០២២