​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ មហាសន្និបាត​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី​ទី​៧ ឆ្នាំ​២០២១-២០២៥ បានផ្តល់​សេចក្តីទុកចិត្ត​គាំទ្រ​ជា​ឯកច្ឆន្ទ​នូវ​សមាសភាព​សមាជិក គណៈកម្មការ​ប្រតិបត្តិ អាណត្តិ​ថ្មី ចំនួន​៩​រូប រួមមានៈ លោក វ៉ា​ត់ ចំ​​រើ​ន ជា​ប្រធាន​សហព័ន្ធ លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​ទី​១ លោក ហុក ឈាង​គីម អនុប្រធាន​ទី​២ កញ្ញា កាង ណុ​ចប​វរ អគ្គលេខាធិការ ជំនួស​លោក ធិ​ន វិចិត្រ លោក ន​រះ យុទ្ធ និង​សមាជិក​៣​រូប គឺ​លោក កាង ដែន​ពិសិដ្ឋ លោក នុត សេរី​រដ្ឋា និង​លោក យឹ​ង សុ​ផា​ណា​រ៉ា​។​

​ជាមួយនឹង​ការ​សម្រួច​គោលដៅ​បច្ចេកទេស​ឲ្យ​កាន់តែ​មុត​ស្រួច ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំ​ក៏បាន​ស្នើ​ឲ្យ​គ្រួសារ​សហព័ន្ធ​ចំបាប់​រួបរួម​ឆន្ទៈ ធ្វើការ​លះបង់ និង​ធ្វើ​ឲ្យ​មាន​សុខដុម​នីយកម្ម ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បេសកកម្ម ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បានផ្តល់​តម្លៃ ដ៏​មហាសាល នៃ​សុខដុម​នីយកម្ម​ដែលជា​គន្លឹះ ក្នុងការ​រួបរួមគ្នា ដើរ​លើ​មាគ៌ា​អភិវឌ្ឍន៍ ឆ្ពោះទៅ​សម្រេច ជោគជ័យ ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក​បាន​បញ្ជាក់ថាៈ ពេលនេះ យើង​មាន​គណៈកម្មការ​ប្រតិបត្តិ​ថ្មី​ហើយៗ យើង​មាន​ភារកិច្ច ជាច្រើន ដែល​ត្រូវធ្វើ​បន្ត​។ ការងារ​ជាច្រើន​នេះ យើង​ត្រូវការ​ឆន្ទៈ និង​សេចក្តីក្លាហាន ដើម្បី​ធ្វើ​វា​ឲ្យ​សម្រេច​នូវ បេសកកម្ម​របស់​យើង​។​

​តាម​គោលការណ៍​របស់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២ (CAMSOC) ក៏ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ស​ន្ទ​ស្សន៍​មេដាយមាស ឲ្យ​ប្រភេទ​កីឡា​ចំបាប់​កម្ពុជា ដណ្តើម​ឲ្យ​បាន យ៉ាងតិច​ចំនួន​២​គ្រឿង​។ ប៉ុន្តែ​មហិច្ឆតា​របស់​យើង គឺ​រួមគ្នា​ធ្វើយ៉ាងណា ដណ្តើម​មេដាយមាស​ឲ្យ​បាន​ច្រើនជាង​មុន ក្នុង​ប្រវត្តិ​ស៊ី​ហ្គេម ដែល​ចំបាប់​កម្ពុជា ធ្លាប់​ដណ្តើមបាន​មេដាយមាស ៤​គ្រឿង កាលពី​ស៊ី​ហ្គេម នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ មានន័យថា ពេល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣ គឺ​ប្រភេទ​កីឡា​ចំបាប់ មាន​មហិច្ឆតា​ចង់បាន មេដាយមាស​ច្រើនជាង​៤​។​

​ប្រមុខ​សហព័ន្ធ​កីឡា​ចំបាប់​រូបនេះ អះអាងថាៈ សហព័ន្ធ មាន​ផែនការ​អភិវឌ្ឍ​ជំនាញ​ច្បាស់លាស់ ដូច្នេះហើយ សុខដុម​នីយកម្ម គឺជា​រឿង​សំខាន់បំផុត ដើម្បី​បើកផ្លូវ​នៃ ដំណើរការ​អភិវឌ្ឍ ជា​ជំហានៗ ដោយ​គ្មាន​ឧបសគ្គ​។ លោក វ៉ា​ត់ ចំរើន បាន​រំលេច​នូវ​បុគ្គល សំខាន់ៗ ក្នុង​ដំណើការ​អភិវឌ្ឍ​នេះ ដោយមាន​គ្រូ​បង្គោល ជម្រើសជាតិ​ចំបាប់​កម្ពុជា ជា​ជនជាតិ​អ៊ីរ៉ង់ លោក Komeil Ghasemi ដែល​មកជួយ​បង្ហាត់ ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា ក្នុង​ឆ្នាំ​២០២២ ដែល​គ្រូបង្វឹក​រូបនេះ ជា​អតីត​ម្ចាស់​មេដាយមាស​អូឡាំពិក​។​

អ្វីដែល​ពិសេស គឺ​សហព័ន្ធ​ចំបាប់​កម្ពុជា ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារៈ និង​ថវិកា ខ្ទង់​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំៗ ពី​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា ចំបាប់​កម្ពុជា ព្រមទាំង​ជាមួយនឹង​កិច្ចការ​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហព័ន្ធ​កីឡា ចំបាប់​ពិភពលោក និង​អាស៊ី​ជាដើម​។​

​ប្រធាន​សហព័ន្ធ​ចំបាប់​រូបនេះ បានបញ្ជាក់​ទៀតថាៈ ក្នុង​ផែនការ​ឆ្ពោះ ទៅ​ស៊ី​ហ្គេម ២០២៣ មិនមែន​ត្រឹមតែ​សម្រួច​តែ​ទៅលើ​បច្ចេកទេស​ដណ្តើម​មេដាយ​តែមួយ​មុខ​ទេ គឺ​សហព័ន្ធ ក៏ត្រូវ​អភិវឌ្ឍន៍​លើ​ផ្នែក​ការរៀបចំ ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។ ដូច្នេះ​ការទទួល​រៀបចំ ស៊ី​ហ្គេម ២០២៣ សហព័ន្ធ​ចំបាប់​កម្ពុជា មាន​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ តែ ២ នាក់​ប៉ុណ្ណោះ​។

​ការធ្វើ​ម្ចាស់ផ្ទះ យ៉ាងហោចណាស់ ត្រូវមាន​អាជ្ញាកណ្តាល​អន្តរជាតិរ​បស់​ខ្លួន​ពី ៥ ទៅ ៦ នាក់​ដែរ​។ តាមរយៈ​ផែនការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ នា​ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ សហព័ន្ធ ដាក់​ដាក់​គោលដៅ​អភិវឌ្ឍន៍​ធនធាន អាជ្ញាកណ្តាល​អន្តរជាតិ ឲ្យ​បាន​ច្រើន​បន្ថែមទៀត​៕/V​