ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថាៈ ការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈ គិតចាប់ពីថ្ងៃទី ០១ ដល់ទី ១០ ខែកក្កដា ឆ្នាំ២០២២ សម្រាប់ប្រេងម៉ាស៊ូត បានធ្លាក់ថ្លៃ ចំនួន ១០០ រៀល ក្នុង១លីត្រ ខណៈប្រេងសាំងធម្មតា រក្សាថ្លៃនៅដដែលគឺ ៥.៨០០ រៀល ក្នុង១លីត្រ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ របស់ក្រសួងពាណិជ្ជកម្ម ដែលរស្មីកម្ពុជា ទទួលបាន នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ បានបញ្ជាក់ថាៈ យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃ ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជា និងយោងការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈ លើទីផ្សារ ក្នុងតំបន់ និងអន្តរជាតិ។ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ក្នុងរយៈពេល ១០ ថ្ងៃ ដើមខែកក្កដានេះ សម្រាប់ប្រេងសាំងធម្មតា ថ្លៃ ៥.៨០០ រៀល និងប្រេងម៉ាស៊ូត ថ្លៃ ៦.២០០ រៀល ក្នុង១លីត្រ។
ក្រសួង បានបន្តថាៈ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយ ប្រេងឥន្ធនៈ ក្នុងរយៈពេលដូចគ្នា ខាងលើ នឹងត្រូវលក់ ៦.០៦៤ រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៦.៤៦៤ រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
គិតមកដល់ពេលនេះ ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមាន ការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាដដែល គឺចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រ។
ដោយឡែក ទាក់ទិនការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ ក្រសួងពាណិជ្ជកម្ម បានអះអាងថាៈ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេង តាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាស ដូចមានភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ៕/V