ដោយ: ភ្នំសន្ទុក / កំពង់ធំ: រថយន្តតូយ៉ូតា កាមរី (បាឡែន) ពណ៌ខ្មៅ ដឹកឈើប្រណិត ចេញពីខេត្តព្រះវិហារ មកកាន់ខេត្តកំពង់ធំ បានព្យាយាមបើកគេចពីសមត្ថកិច្ច តែបែរជាធ្លាក់ ចូលប្រឡាយ បណ្ដាលឱ្យរថយន្ត ខូចខាតផ្នែកខាងមុខ ចំណែកតៃកុង រត់គេចខ្លួនបាត់ ស្រមោល នៅពេលកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ស្ទាក់ចាប់។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩ យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកជាបី ស្ថិតនៅក្នុងភូមិប្រាសាទសំបូរ ឃុំប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ការបង្ក្រាបរថយន្តដឹកឈើប្រណីតនេះ ដឹកនាំដោយលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ រហូតឈានដល់ការស្ទូចរថយន្ត យកមករក្សាទុក នៅកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនដោះស្រាយ ទៅតាមនីតិវិធីច្បាប់។
លោក ឃុន ប៊ុនហូ បានឲ្យដឹង នាព្រឹកថ្ងៃទី១ ខែកក្កដា នេះថាៈ កម្លាំងសមត្ថកិច្ច បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថាមានរថយន្តដឹកឈើប្រណិត ដែលចេញពីគោលដៅ ខេត្តព្រះវិហារ ចូលមកកាន់ខេត្តកំពង់ធំ ហើយយើងបានសហការ ជាមួយនឹងកម្លាំងអាវុធ ហត្ថស្រុកប្រាសាទសំបូរ និងកងរាជអាវុធហត្ថ ស្រុកប្រាសាទបល្ល័ង្ក តាមប្រមាញ់រថយន្ត ដឹកឈើប្រណិត ដែលចេញពីខេត្តព្រះវិហារ មកកាន់ខេត្តកំពង់ធំ រហូតរថយន្តនោះ បើកគេចពីសមត្ថកិច្ច ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យរថយន្តបួងចង្កូត មិនទាន់ធ្លាក់ចូលប្រឡាយ ចំណែកឯតៃកុងរថយន្ត បានរត់គេចបាត់ស្រមោល ។
លោកមេបញ្ជាការរង អាវុធហត្ថខេត្ត បានបន្តទៀតថាៈ ក្នុងប្រតិបត្តិការដេញឃាត់រថយន្តនោះ មានរថយន្តម៉ាកតូយ៉ូតា កាមរី (បាឡែន) ពណ៌ខ្មៅ១គ្រឿងទៀត ដោយគ្មានលេខ បានធ្វើសកម្មភាពរារាំង រថយន្តរបស់សមត្ថកិច្ច និងបានធ្វើសកម្មភាពបាចដែកគោល ពេញផ្លូវ បណ្ដាលឲ្យរថយន្តរបស់សមត្ថកិច្ច បែកកង់រថយន្ត ១គ្រឿង ផងដែរ ។
លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានបន្ថែមទៀតថាៈ រថយន្តដែលដឹកឈើប្រណិត នោះ ម៉ាកតូយ៉ូតា ការី (បាឡែន) ពណ៌ខ្មៅ ពាកស្លាកលេខ ភ្នំពេញ 2H-3749 បានសន្និដ្ឋានថា ឈើទាំងនោះ ប្រភេទឈើធ្នង់ ។
បច្ចុប្បន្ន រថយន្តដឹកបទល្មើសផលអនុផលព្រៃឈើ ខាងលើនោះ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថ ខេត្តកំពង់ធំ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការស្រាវជ្រាវ រកម្ចាស់ឈើទាំងនោះ មកចាត់ការតាមនីតិវិធីច្បាប់ ។
យោងប្រភពព័ត៌មាន បានបង្ហើបប្រាប់ឱ្យដឹងថា រថយន្តខាងលើនេះ ដែលបានដឹកផល អនុផល ព្រៃឈើប្រណិតនោះ ដែលមានម្ចាស់ឈ្មោះ ហ៊ីន ដែលមានលំនៅដ្ឋាន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕/V