​ដោយៈ ភ្នំ​ស្វាយ / ស្រះកែវ​-​ថៃៈ មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា នៃ​វិស័យ​សាធារណៈ និង​សហគ្រិន ពាណិជ្ជករ អាជីវករ ធុរជន នៃ​វិស័យ​ឯកជន មកពី​ខេត្ត​មួយចំនួន​របស់​ថៃ និង​កម្ពុជា ចំនួន​រាប់សិប​នាក់ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក​កម្មវិធី ” ការតភ្ជាប់ និង​ផ្គូរ​ផ្គង​ចរចា​ដៃគូ​ពាណិជ្ជកម្ម សហគ្រាស​ខ្នាតតូច និង​មធ្យម ឆ្នាំ​២០២២ (Business B2B SMEs Thailand -Cambodia) ដែល​កម្មវិធី​នេះ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ The Velo’s Hotel & Pump [email protected] Aranyaprathet នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​។

​ប្រតិភូ​កម្ពុជា មាន​មកពី​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧ​ត្ត​រ​មានជ័យ កណ្តាល កំពង់ចាម កំពង់ឆ្នាំង និង​ខេត្តកំពត ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ឈុំ វណ្ណា​រឹទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោក នេ​ត សេរី អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អនុប្រធាន​មន្ទីរ​ពាណិជ​កម្ម ខេត្តបាត់ដំបង តំណាង​សភាពាណិជ្ជកម្ម​ខេត្ត​នានា ។​

​ឯ​ប្រតិភូ​ថៃ មាន​មកពី​ខេត្ត​ស្រះកែវ និង​បណ្តា​ខេត្ត​ថៃ នៅ​ទិសខាងកើត ឦសាន និរតី ដឹកនាំ​ដោយ​លោក ធី​រ៉ា​ក់​ឆៃ លីម​ប្រា​សីត​ស័ក្តិ អភិបាលរង​ខេត្ត​ស្រះកែវ កញ្ញា នុង​យ៉ៅ ស៊ី​ចាន់ថា​មី​ត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​ស្រះកែវ លោក ឆាក់​ណា​ធីប ឌុ​ក​ប៉ា​ក់នី អភិបាលស្រុក​អារញ្ញ​ប្រ​ថេត ។​

​ជាមួយគ្នា​នោះ អ្នក​សារ​ព៍​ត័​មាន​កម្ពុជា ពីររូប ដែល​រៀបចំ​ដោយ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ អាស៊ាន (UMA) កម្ពុជា និង​អ្នកសារព័ត៌មាន​ថៃ ជាច្រើន​នាក់ ក៏បាន​ចូលរួម​ព្រឹត្តិការណ៍ ពាណិជ្ជកម្ម​នេះដែរ ។​

​កញ្ញា នុង​យ៉ៅ ស៊ី​ចាន់ថា​មី​ត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្រះកែវ បាន​ថ្លែងថាៈ ខេត្ត​ស្រះកែវ ស្ថិតនៅ​ភាគ​ខាងកើត ហើយ​ជាប់​ព្រំដែន​កម្ពុជា នៃ​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដែលជា​ផ្លូវ​ឆ្លងកាត់​ទៅកាន់​ខេត្ត​នានា ដ៏​ងាយស្រួល រហ័ស ហើយ​មាន​អំណោយផល ដល់​ពាណិជ​កម្ម អាជីវកម្ម​ឆ្លងកាត់​ព្រំដែន ។​

​កញ្ញា បាន​បន្តថាៈ កន្លងមក ភាគ​ខាងកើត​នេះ មាន​ទំនាក់ទំនង​សកម្ម លើ​ការធ្វើ​ជំនួញ ពាណិជ្ជកម្ម ការវិនិយោគ ផលិតកម្ម សេវាកម្ម ហើយ​មាន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ល្អ ជានិច្ច​ជាមួយ​កម្ពុជា ។​

​កញ្ញា នុង​យ៉ៅ ស៊ី​ចាន់ថា​មី​ត បាន​បន្តទៀតថាៈ ការរៀបចំ​កម្មវិធី​ជូ​ប​ប្រជុំពិភាក្សា លើ​វិស័យ​ធុរកិច្ច និង​ទស្សនកិច្ច​សិក្សា​បែប​ជំនួញ ឬ​វិស័យ​ពាណិជ្ជកម្ម​នេះ​ឡើង ក្នុង​គោលបំណង លើកទឹកចិត្ត សម្របសម្រួល កែលម្អ និង​កាត់បន្ថយ​របាំង​នានា ដល់​អាជីវករ ពាណិជ្ជករ ធុរជន អ្នកវិនិយោគ​ថៃ​-​កម្ពុជា លើ​សកម្មភាព​របស់​ពួកគេ ។​

​ថ្លែង​បើក​កម្មវិធី​នេះ លោក ធី​រ៉ា​ក់​ឆៃ លីម​ប្រា​សីត​ស័ក្តិ អភិបាលរង​ខេត្ត​ស្រះកែវ បាន​មាន ប្រសាសន៍ថាៈ ការបើក​កម្មវិធី ការតភ្ជាប់ និង​ផ្គូរ​ផ្គង​ចរចា​ដៃគូ​ពាណិជ្ជកម្ម សហគ្រាស​ខ្នាតតូច និង​មធ្យម ថៃ​-​កម្ពុជា ឆ្នាំ​២០២២ នាពេលនេះ ចំ​ពេលដែល​រាជរដ្ឋាភិបាល​ថៃ បាន​បើក​ប្រទេស ពិសេស​ព្រំដែន​គោក ជាមួយ​ប្រទេសជិតខាង​ឡើងវិញ កាលពី​ខែឧសភា ។ ពោលគឺ បន្ទាប់ពី​ដំណោះស្រាយ លើ​ការប្រយុទ្ធ​នឹង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ដែលជា​វិបត្តិ​សាកល បាន​ជោគជ័យ​ភាគច្រើន ។​

​លោក ធី​រ៉ា​ក់​ឆៃ លីម​ប្រា​សីត​ស័ក្តិ បាន​បន្តថាៈ ការបើក​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា លើកដំបូង សម្រាប់​មន្ត្រី នៃ​វិស័យ​សាធារណៈ និង​អាជីវករ ពាណិជ្ជករ ធុរជន អ្នកវិនិយោគ នៃ​វិស័យ​ឯកជន ថៃ​-​កម្ពុជា នេះ គឺ​ការជំរុញ​ស្តារ និង​លើកកម្ពស់​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ក្នុង​បរិបទ​ក្រោយ​វិបត្តិ នៃ​ជំងឺ​សាកល​នេះ ។​

​លោក​វេជ្ជបណ្ឌិត ឈុំ វណ្ណា​រឹទ្ធិ តំណាង​ថ្នាក់ដឹកនាំ​ប្រតិភូ​កម្ពុជា បាន​ថ្លែងថាៈ កន្លងមក កម្ពុជា -​ថៃ និង​ដោយឡែក បណ្តា​ខេត្ត​កម្ពុជា​-​ថៃ ដែលមាន​ព្រំដែន​គោក និង​ច្រកទ្វារព្រំដែន ជាមួយគ្នា ពិសេស​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ មាន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ល្អ លើ​វិស័យ​សន្តិសុខ ការបង្ក្រាប​បទល្មើស វិស័យសេដ្ឋកិច្ច វិស័យ​សង្គមកិច្ច ប្រកបដោយ​ការយោគយល់ និង​បម្រើ​ផលប្រយោជន៍​គ្នា ទៅវិញទៅមក ។​

​លោក​វេជ្ជបណ្ឌិត ឈុំ វណ្ណា​រឹទ្ធ បា​នប​ន្ថ​ថាៈ ច្បាស់​ណាស់ កម្មវិធី​លើក​នេះ មិន​ត្រឹមតែ​ជា ការអនុវត្ត​នូវ​គោលនយោបាយ នៃ​រាជរដ្ឋាភិបាល ប្រទេស​ទាំងពីរ ដែល​ជំរុញ​ការលើកកម្ពស់ នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ និង​បន្ត​រក្សា​ព្រំដែន​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ជា​ឱកាស​បើក​ទំព័រ ស្តារ​ជីវភាព និង​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​សាកល នៃ​កា​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ។ ព្រោះថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក្រសួងសុខាភិបាល និង​ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ដោះស្រាយ​ដោយ​ជោគជ័យ នូវ​គោលនយោបាយ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ។​

​សូម​បញ្ចា​ក់ថា ក្នុង​កម្មវិធី​នោះ ក៏មាន​ការដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់ ក្រណាត់​សូត្រ ដែល​សម្តែង​ដោយ​ក្រុម​ស្ត្រី និង​នារី មកពី​វិទ្យាល័យ​ក្រុង នៃ​ខេត្ត​ស្រះកែវ និង​ប្រតិភូ​មកពី កម្ពុជា ព្រមទាំង​ការធ្វើ​កិច្ចពិភាក្សា និង​បទ​បង្ហាញ​របស់​អាជីវករ ពាណិជ្ជករ ធុរជន អ្នកវិនិយោគ ថៃ​-​កម្ពុជា ផងដែរ ៕/V​.mara