ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង កាលពីថ្ងៃសុក្រទី១កក្កដាបានការពារចក្ខុវិស័យរបស់លោកអំពីក្របខ័ណ្ឌ “ប្រទេសមួយ ប្រព័ន្ធពីរ”ប្រឆាំងនឹងការចោទប្រកាន់ដោយសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងប្រទេសដទៃទៀតថារដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើឱ្យខូចដល់សេរីភាពនិងស្វ័យភាពដែលបានសន្យាសំរាប់ហុងកុងសម្រាប់រយៈពេល ៥០ ឆ្នាំ។
នៅក្នុងសុន្ទរកថារំលឹកខួប២៥ ឆ្នាំចាប់តាំងពីទីក្រុងនេះបានក្លាយជាតំបន់ពាក់កណ្តាលស្វយ័តរបស់ចិនបន្ទាប់ពីការប្រគល់វាពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៩៧ លោកស៊ីបាននិយាយថា ក្របខ័ណ្ឌ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលអនុញ្ញាតឱ្យហុងកុងមានច្បាប់និងរដ្ឋាភិបាលផ្ទាល់ខ្លួន បានសម្រេច “ជោគជ័យ ដែលទទួលស្គាល់ជាសកល”។
លោកបាននិយាយថា “គ្មានហេតុផលឱ្យប្រព័ន្ធដ៏ល្អបែបនេះផ្លាស់ប្តូរនោះទេ ហើយវាត្រូវតែថែរក្សាឱ្យបានយូរ”នៅក្នុងអ្វីដែលហាក់ដូចជាការប៉ុនប៉ងដើម្បីធានាដល់អ្នកស្រុកថាហុងកុងអាចរក្សាបាននូវសេរីភាពរបស់ពួកគេបែបនេះសូម្បីបន្ទាប់ពី ៥០ ឆ្នាំ។
ប៉ុន្តែលោកស៊ីក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងប៉េកាំងមាន “យុត្តាធិការទូលំទូលាយ” លើទីក្រុងហុងកុង ហើយហុងកុងគួរតែគោរពការដឹកនាំរបស់ចិនបើទោះបីជាទីក្រុងប៉េកាំងអនុញ្ញាតឱ្យតំបន់ដូចជាហុងកុងនិងម៉ាកាវរក្សានូវប្រព័ន្ធមូលធននិយមនិងកម្រិតស្វ័យភាពក៏ដោយ។
លោកបានព្រមានថានឹងមិនមានការអត់ឱនចំពោះការជ្រៀតជ្រែកពីបរទេសឬជនក្បត់ដែលជ្រៀតជ្រែកក្នុងកិច្ចការរបស់ហុងកុងនោះឡើយ ហើយថា “ការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍” គឺជាអាទិភាពខ្ពស់បំផុត។
លោកបានបន្តថា “គ្មាននរណាម្នាក់នៅក្នុងប្រទេសឬតំបន់ណាមួយក្នុងពិភពលោកនឹងអនុញ្ញាតឱ្យប្រទេសបរទេសឬសូម្បីកម្លាំងនិងជនក្បត់ដណ្តើមអំណាចនោះឡើយ”ដោយបន្ថែមថាមានតែឱ្យអ្នកស្នេហាជាតិគ្រប់គ្រងហុងកុងប៉ុណ្ណោះទើបហុងកុងអាចធានាបាននូវស្ថិរភាពយូរអង្វែង៕
លោកស៊ី (ស្តាំ) ឈរមើលខណៈនាយកប្រតិបត្តិថ្មីរបស់ហុងកុង លោក ចន លី ស្បថកាន់តំណែង