​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ គ្រោង​នឹង​ដឹកនាំ​គណប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល នាពេល​អនាគត​ដ៏​ខ្លី ខាងមុខ ។

​លោក វេ​ង សាខុន បានលើកឡើង​បែបនេះ នៅពេលដែល​លោក​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី អ័​ណា សា​ហ្គី​វ ( Orna SAGIV )​ឯកអគ្គរដ្ឋទូត​ទើបត្រូវ​បានតែងតាំង​ថ្មី​នៃ​រដ្ឋ​អ៊ីស្រាអែល នៅ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​លោក​បាន​បន្តថា ដំណើរ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​នេះ​គឺ ដើម្បី​សិក្សា ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​បន្ថែម​ទាក់ទង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ក​សិ​ធុរកិច្ច ជាពិសេស​អនុវិស័យ​សាកវប្បកម្ម និង​ប្រព័ន្ធ​ដំណក់ទឹក រួមទាំង​ការកែច្នៃ​៕.mara