​ដោយៈ បាយ័ន / សៀមរាបៈ លោក សយ សុភា​រិន្ទ បុរាណ​វិទូ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកដឹកនាំ​គម្រោង​ជួសជុល ព្រះពុទ្ធ​បដិមា ចំនួន ៣ អង្គ នៅ​ជាន់​បាកាណ បាន​មានប្រសាសន៍ថាៈ គម្រោង​ជួសជុល​នេះ គ្រោង​នឹង​បញ្ចប់ ឆាប់ៗ​ខាងមុខនេះ ខណៈ​បច្ចុប្បន្ន ក្រុមការងារ​ជួសជុល កំពុង​លាប​ម្រ័ក្សណ៍ លើ​រូប ដែលជា​ការងារ​ចុងក្រោយ ។​

​លោក សុភា​រិន្ទ បាន​និយាយ​យ៉ាង​ដូច្នេះ នៅ​ថ្ងៃត្រង់ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះ ដោយ​លោក​បាន​រំឭក​ពី​ស្ថានភាព ដើមឡើយ នៃ​ព្រះ​ពុទ្ធបដិមា គឺមាន​ស្ថានភាព​ខូចខាត​ច្រើន ដែល​ត្រូវ​ជួសជុល និង​អភិរក្ស​ជាបន្ទាន់​។

​លោក​បាន​ពន្យល់ថាៈ លើ​រូប​បដិមា មាន​ស្នឹម​ខ្មៅ ក្តាំង​ធូលី ក្តាំង​អំបិល កំណក​អាចម៍​ប្រចៀវ និង​ទឹកនោម​ប្រចៀវ ជាដើម ដែល​ដក់​លើ​រូប ។ លោក​បាន​បន្តថាៈ ការសម្អាត ចែកជា​ពីរ គឺ​សម្អាត​ស្ងួត ដោយ​យក​ធូលី ដែល​កក​ក្តាំង លើ​ផ្ទៃ​ព្រះកាយ​បដិមា ចេញ​សិន ដោយ​ប្រើ​ជក់​ស្តើង ទន់ៗ បោស​ចេញ ឱ្យបាន​ស្អាត​។ បន្ទាប់មក ត្រូវ​សម្អាត​សើម មុនដំបូង ត្រូវយក​ទឹក​មក​សម្អាត​សិន ដោយ​យក​សំឡី រុំ​នឹង​ឈើ​តូចៗ ហើយ​ជ្រលក់​នឹង​ទឹក ដែល​គ្មាន​ជាតិ​រ៉ែ មក​ជូត​កន្លែង ដែល​ស្នឹម​ខ្មៅ ក្តាំង​ធូលី ក្តាំង​អំបិល កំណក​អាចម៍​ប្រចៀវ និង​ទឹកនោម​ប្រចៀវ ហើយ​វា​នឹង​ដាច់​កំណក​នោះមក ប៉ុន្តែ​ពណ៌​ដើម នៅ​រក្សា​ដដែល​។

​បច្ចុប្បន្ន ការងារ​សម្រេចបាន​ប្រមាណ ៩០ ភាគរយ​ហើយ បន្ទាប់ពី​ចាប់ផ្តើម​ជួសជុល ឡើងវិញ នៅ​ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០២២​។ ក្នុង​ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​ព្រះពុទ្ធ​បដិមា ១​អង្គ នៅ​ទិស​ខាងត្បូង​។ ហើយ​នៅ​ឆ្នាំ​២០២២ នេះ ក៏បាន​ជួសជុល ព្រះពុទ្ធ​បដិមា ចំនួន ៣ បន្ថែមទៀត នៅ​ទិស​ខាងជើង ខាងលិច និង​ខាងកើត ព្រមទាំង​ព្រះពុទ្ធ​ចូល​និព្វាន ចំនួន ២ អង្គ នៅ​ទិសខាងកើត និង​ខាងជើង​។ ក្នុងនោះ ក៏បាន​ជួសជុល ពង្រឹង​ចម្រឹង​បង្អួច និង​រចនាសម្ព័ន្ធ​មួយចំនួនទៀត នៅ​ជុំវិញ​បដិមា​នោះ ផងដែរ​។ គម្រោង​ជួសជុល​នេះ ទទួលបាន​ការឧបត្ថម្ភ​ថវិកា ពី​លោកស្រី​ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ៕/V​.mara