ដោត៖ដេប៉ូ / ភ្នំពេញ៖ ការផ្សព្វផ្សាយរូបថត វីដេអូភាពយន្ត និងឯកសារផ្សព្វផ្សាយ ទាក់ទងនឹងសម្រស់ធម្មជាតិ ដ៏ត្រកាល នៃមាតុភូមិកម្ពុជា តាមរយៈកញ្ចក់កាម៉េរ៉ា នៃអ្នកថតរូប និងស្នាដៃរបស់ផលិតករភាពយន្ត បានចូលរួមចំណែកសំខាន់ ដល់កម្មវិធីនយោបាយ អភិវៃឌ្ឍន៍ «ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី» ជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ មូលដ្ឋានផ្ទាល់។
នេះជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធកម្មវិធី «ជុំវិញទន្លេមេគង្គ» (Mekong Discovery Day) និងពិធីប្រគល់រង្វាន់ «Beautiful Planet» ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
ក្នុងពិធីនេះដែរ លោក ខ្វៃ អាទិត្យា បានលើកទឹកចិត្តបន្ថែមទៀត ដល់ផលិតករភាពយន្ត អ្នកស្រឡាញ់វិស័យភាពយន្ត និងបរិស្ថាន បន្តបង្កើតស្នាដៃថ្មីៗ និងច្រើនថែមទៀត ជាពិសេស ការចែកផ្សាយ តាមបណ្តាញសង្គម នូវរូបថត វីដេអូ ភាពយន្តខ្លី ឬភាពយន្តឯកសារ បង្ហាញពីសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាល ជាពិសេសធម្មជាតិ នៅតាមដងទន្លេមេគង្គ និងតំបន់ធម្មជាតិនានា នៅកម្ពុជា ដែលបានរួមចំណែកជួយឱ្យប្រជាពលរដ្ឋ កាន់តែច្រើន បានស្គាល់ និងស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សា សម្បត្តិធម្មជាតិឲ្យល្អ និងគង់វង្ស និងការរស់នៅ ដោយចីរភាពផងដែរ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាង ផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ ជាសារវន្ត ក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀត ផ្តោតលើការជួយ ដល់ការអភិវឌ្ឍសហគមន៍ តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ ជាយុទ្ធសាស្ត្រ សម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិ។
បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៧៤ និងរបៀងអភិរក្ស ជីវៈចម្រុះចំនួន ៣ លើផ្ទៃដីសរុប ៧,៣ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស និងបានសម្របសម្រួល បង្កើតសហគមន៍ តំបន់ការពារធម្មជាតិ ចំនួន១៨២ ទីតាំង ក្នុងនោះ សហគមន៍ខ្លះ មានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ រួមចំណែកសំខាន់ លើកកម្ពស់ជីវភាព ប្រជាសហគមន៍ ថែមទៀត៕/V.mara