ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ យុវជន​ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ម៉ូតូ បុក​ជាមួយ​ម៉ូតូ នៅតាម​បណ្តោយ​ផ្លូវ​លេខ ១KS១ ត្រង់ចំណុច​ភូមិ​ថ្មី​ជង្រុក ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ត​កំពង​ស្ពឺ កាលពី​វេលា​ម៉ោង ៧​និង​១៥​នាទី យប់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ យុវជន​ដែល​បាន​ស្លាប់​នោះ មានឈ្មោះ ផាត ភាក់ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1 G 8545 បើកបរ​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត មកដល់​ចំណុចកើតហេតុ ខាងលើ ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយ ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1 H 7542 បើក​ដោយ​ឈ្មោះ ណាវ ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ កម្មករ​កាត់ដេរ (​ពាក់មួក​សុ​វត្តិភាព​) រស់នៅ​ភូមិ​ទួល​ថ្មី ឃុំ​យាអង្គ ស្រុក​ថ្ពង បើក​ក្នុងទិសដៅ​ពី​ខាងកើត ទៅ​ទិស​ខាងលិច ក្នុង​ល្បឿន​លឿន និង​បើក​វ៉ា​ជែង​រថយន្ត ជ្រុល​ទៅបុក​គ្នា ពេញទំហឹង បណ្តាល​ឱ្យឈ្មោះ ផាត ភាក់ ស្លាប់ និង​ឈ្មោះ ណាវ ស​ម្ភ​ស្ស រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត ដឹក​បញ្ជូនទៅ សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ​។​

​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ បាន​វាស់វែង និង​វត្ថុតាង​ទាំងពីរ បាន​ត្រូវ​យកទៅ​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​យាអង្គ ដើម្បី​ចាត់ការ តាម​និតិ​វិធី​៕/V​.mara