​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ក្រុមប្រឹក្សា​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាលាក្រុង​កំពង់ឆ្នាំង បាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ក្រោម​វត្តមាន​លោក ឡុង សា​ងៀ​ម ប្រធាន​ក្រុមប្រឹក្សា ក្រុង​កំពង់ឆ្នាំង និង​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​សមាជិក សមាជិកា ក្រុមប្រឹក្សា​ក្រុង អភិបាលរងក្រុង អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ការិយាល័យ​ជំនាញ​ក្រុង អាជ្ញាធរ​សង្កាត់ សមត្ថកិច្ច​មូ​ន​ដ្ឋា​ន ប្រធានភូមិ និង​ប្រជា​ការពារ ផងដែរ​។​

​លោក ឡុង សា​ងៀ​ម បាន​ថ្លែងថាៈ ដើម្បី​តាមដាន​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ផែន​
​ការ​សកម្មភាព និង​ភាព​រីកចំរើន របស់​រដ្ឋបាល ក្រុង​កំពង់ឆ្នាំង ក៏ដូចជា ចង់ដឹង​ពី​បញ្ហា ទុក្ខ​កង្វល់ របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង ក្រុមប្រឹក្សា​ក្រុង​កំពង់ឆ្នាំង បានរៀបចំ​វេទិកា ផ្សព្វផ្សាយ និង​ពី​គ្រោះ​យោបល់​នេះ ក្នុង​១​ឆ្នាំ​ម្តង ជា​រៀងរាល់ឆ្នាំ ។​

​កិច្ចប្រជុំ​នេះ បាន​ផ្តោតជាសំខាន់ លើ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើតមានឡើង ក្នុង​មូលដ្ឋាន​នីមួយៗ នៅ​សង្កាត់​ទាំង​៤ ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ដោះស្រាយ និង ប្រសិនបើ​ការ​ដោះ​ការ​ស្រាយ​នោះ មិនទាន់បាន ត្រូវ​បន្ត​ឱ្យ​ថ្នាក់​ខេត្ត ដោះស្រាយ ហេតុនេះ លោក​សូមឱ្យ​អាជ្ញាធរ​ដែនដី លើក​ពី​បញ្ហា​ដែល​កើតមានឡើង ក្នុងភូមិ សង្កាត់​របស់ខ្លួន មក​បញ្ជាក់ ក្នុង​វេទិកា​នេះ ដើម្បីឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​លោក​អភិបាលក្រុង ជួយ​ដោះស្រាយ​។​

​ក្នុង​វេទិកា​នោះ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​តំណាង​ប្រជាពលរដ្ឋ បានលើកឡើង​នូវ​សំណួរ និង​សំណូមពរ មាន​ចំនួន ១៦ សំណួរ និង​សំណូមពរ ក្នុងនោះ អង្គ​វេទិកា បាន​ដោះស្រាយ ជូន​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​តំណាង​ប្រជាពលរដ្ឋ​បាន​ចំនួន ១៥ សំណួរ និង​សំណូមពរ នៅ​មួយ​សំណួរ​ទៀត គឺកំណត់​ព្រំប្រទល់​ដី គណៈអធិបតី បានឱ្យ​មន្ត្រី​ជំនាញ សិក្សា​ស្រាវជ្រាវ ស្របតាម​ច្បាប់ ដើម្បី​បំភ្លឺ ជូន​នៅពេល​ក្រោយ​។​

​លោក យិន សា​វ៉េ​ន អភិបាលក្រុង បាន​សំណូមពរ ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​តំណាង​ប្រជាពលរដ្ឋ នៅ​សង្កាត់ ទាំង​បួន ក្នុង​ក្រុង​កំពង់ឆ្នាំង សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្នុងការ​អភិវឌ្ឍ នៅតាម​គោលដៅ ដែលជា​ផែន​សកម្មភាព រយៈពេល ៥ ឆ្នាំ របស់​សង្កាត់ ដើម្បីឱ្យ​គំរោង​អភិវឌ្ឍន៍ ទ​ទូល​បាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​លោក យិន សា​វ៉េ​ន បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ទទួលខុសត្រូវ​របស់​ខ្លួន ឱ្យបាន​ល្អ និង បន្ត​ផ្សព្វផ្សាយ ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​សម្អាត​អនាម័យ នៅតាម​គេហដ្ឋាន​របស់ខ្លួន ដើម្បី​សុខមាលភាព​ទាំងអស់គ្នា​។ ជាពិសេស ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ធ្វើ​អនាម័យ ជាប់​ជាប្រចាំ ដោយ​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល ឱ្យបាន​ម៉ឺងម៉ាត់ និង​អនុវត្ត​ឱ្យបាន​ជាប់​ជាប្រចាំ នូវ​អនុសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣​កុំ និង ៣​ការពារ ដើម្បី​បង្ការ និង​ការពារ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​កើតមាន​ក្នុង​គ្រួសារ និង សហគមន៍​របស់ខ្លួន ជាពិសេស​ត្រូវ​នាំគ្នា​ទៅ ចាក់​វ៉ាក់សាំង ទាំងអស់គ្នា តាម​ការកំណត់​របស់ ក្រសួងសុខាភិបាល​៕/V​.mara