ដោយៈ គង់ហេង / កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចអនុញ្ញាត ឱ្យក្រុមហ៊ុន ស៊ីនទ្រី ពង្រីកសេវាប្រមូលសំរាមរបស់ខ្លួន ចំនួនប្រាំមួយ ស្រុកបន្ថែមទៀត ក្នុងកម្រិតកិច្ចសន្យាសាកល្បង រយៈពេល ប្រាំមួយខែ។
បញ្ហាដែលខាងរដ្ឋបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយនេះ ប្រមូលសំរាម ក្នុងកម្រិតសាកល្បងបែបនេះ ដោយសារថា មានអភិបាលស្រុក មួយចំនួន បានមានការព្រួយ បារម្ភ ខ្លាចខាងក្រុមហ៊ុន ធ្វើមិនបានល្អ ដូចដែលខាងស្រុកទាំងនោះ បានធ្វើជាមួយគណៈ អាជីវករ កន្លងមក។
ការព្រមព្រៀងឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិពង្រីកការប្រមូលសំរាម នៅស្រុក ចំនួនប្រាំមួយ មានៈ ស្រុកបាធាយ, ស្រុកជើងព្រៃ, ស្រុកព្រៃឈរ, ស្រុកចម្ការលើ, ស្រុកស្ទឹងត្រង់ និង ស្រុកកងមាស បន្ថែមទៀតនេះ ធ្វើឡើងនៅជំនួប រវាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន មន្ត្រីជំនាញ តំណាងក្រុមហ៊ុនស៊ីនទ្រី និងអភិបាលស្រុក ក្រុង ដែលពាក់ព័ន្ធ នៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១ កក្កដានេះ។
ក្រោយពីស្តាប់បទបង្ហាញរបស់ ប្រធានមន្ទីរបរិស្ថាន តំណាងក្រុមហ៊ុនស៊ីនទ្រី និងប្រសាសន៍ ចូលរួមរបស់លោក ជា ស៊ីណា នោះ លោក អ៊ុន ចាន់ដា បានសម្រេចអនុញ្ញាតឱ្យរដ្ឋបាល ស្រុក ក្រុងទាំង ប្រាំបី មានស្រាប់ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម អាចចុះហត្ថលេខា លើកិច្ចសន្យាជាមួយក្រុមហ៊ុនស៊ីនទ្រី ដោយផ្ទាល់។ ប៉ុន្តែកិច្ចសន្យានេះ ត្រូវមានការឯកភាព ពីរដ្ឋបាលខេត្ត។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថាៈ ចំពោះការអនុវត្តកិច្ចសន្យានេះ ក្រុមហ៊ុនស៊ីទ្រី ត្រូវអនុវត្តក្នុងកម្រិតសាកល្បង រយៈពេល ៦ខែ ថាតើដំណើរការ ប្រមូលសំរាម បានទទួល ជោគជ័យ ឬអត់។ ដោយសារមានអភិបាលស្រុក មួយចំនួន មានការព្រួយបារម្ភ ខ្លាចធ្វើមិនល្អ ដូចដែលស្រុក បានអនុវត្តធ្វើ ជាមួយខាងគណៈអាជីវករផ្សារ។
លោកបានបន្ថែមថាៈ ជាក់ស្តែង ការប្រមូលសំរាម នៅក្នុងក្រុងកំពង់ចាម របស់ក្រុមហ៊ុនស៊ីនទ្រី ប៉ុន្មានឆ្នាំកន្លងមក បានតែប្រមាណ ៤៦ ភាគរយប៉ុណ្ណោះ។ នេះបណ្តាលមកពីកង្វះខាត ក្នុងការគ្រប់គ្រង ចាត់ចែងរបស់ខាងក្រុមហ៊ុនតែម្តង។ ប៉ុន្តែបញ្ហានេះ យើងនឹងពិភាក្សាគ្នាបន្ថែមទៀត នៅលើការគ្រប់គ្រងសំរាម ក្នុងកម្រិតណាមួយ អាចទទួលយកបាន។ ពិសេស ក៏ត្រូវពិភាក្សាគ្នាផងដែរ ជុំវិញការយកកម្រៃថា តើស៊ីនទ្រីបានកម្រៃប៉ុន្មាន ? ហើយក៏ត្រូវគិតផងដែរ កម្រៃដែលប្រមូលបានមកនេះ ក្នុងកម្រិតណា ជួយដល់រដ្ឋបាលក្រុង ស្រុក ដើម្បីឱ្យក្រុង ស្រុកមានលទ្ធភាព អនុវត្តការងារនេះ ក្នុងរូបភាពសហការគ្នា។
លោកបានបន្តថាៈ សូមឱ្យមានការតាមដាន ត្រួតពិនិត្យ លើការប្រមូលសំរាម គឺក្រុមហ៊ុន បានចុះកិច្ចសន្យា ជាមួយអាជ្ញាធរ ហើយខាងក្រុមហ៊ុន បានធ្វើការ ប្រមូលសំរាម បានត្រឹមត្រូវដែរ ឬអត់ គឺដើម្បីធ្វើកែតម្រូវទាំងអស់គ្នា។ ជាមួយនោះ រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយ ឃុំ សង្កាត់ បង្កើនការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ អំពីការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ទៅតាមទីតាំង ដែលបានកំណត់ គឺជៀសវាងការយក សំរាម ចោលពាសវាលពាសកាល ដែលគេចវេសពីការបង់កម្រៃ ប្រមូលសំរាម បង្កឱ្យមានភាពស្មុគស្មាញ ដល់ក្រុមហ៊ុនស៊ីនទ្រីនោះ៕/V-PC