ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការវាយប្រហារដោយកាំជ្រួចរុស្ស៊ីលើតំបន់មនុស្សរស់នៅក្នុងទីប្រជុំមាត់សមុទ្រមួយនៅក្បែរទីក្រុងកំពង់ផែអូដេសា(Odesa)កាលពីព្រឹកថ្ងៃសុក្របានសម្លាប់មនុស្សយ៉ាងតិច១៨នាក់ រួមមានកូនក្មេងពីរនាក់ នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរអ៊ុយក្រែន នៅមួយថ្ងៃក្រោយពីកងកម្លាំងរុស្ស៊ីដកចេញពីកោះយុទ្ធសាស្ត្រមួយនៅសមុទ្រខ្មៅ។
វីដេអូស្តីពីការបាយប្រហារនៅមុនព្រឹកព្រឹលឹមនេះ បានបង្ហាញអាគារឆេះរោលឡើងខ្មៅនៅក្នុងទីប្រជុំជន សឺហ៊ីអ៊ីវកា(Serhiivka) នៅចម្ងាយប្រហែល៥០គីឡូម៉ែត្រពីទីក្រុងអូដេសា។សារព័ត៌មានអ៊ុយក្រែនបាននិយាយថា កាំជ្រួចវាយប្រហារចំអាគារផ្ទះល្វែងជាច្រើនជាន់មួយនិងតំបន់រមណីយដ្ឋានមួយ។
អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក គីរីល ទីម៉ូសេនកូ(Kirill Tymoshenko)បាននិយាយថា មនុស្ស១៨នាក់បានស្លាប់ រួមមានកូនក្មេងពីរនាក់។ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលតំបន់អូដេសាបាននិយាយថា មនុស្ស៣០នាក់ទៀតរងរបួស។
ការវាយប្រហារតាមផ្លូវអាកាសនេះកើតឡើងក្រោយកងកម្លាំងរុស្ស៊ីដកចេញពីកោះពស់នៅសមុទ្រខ្មៅកាលពីថ្ងៃព្រហស្បតិ៍ ជាចំណាត់ការមួយដែលគេរំពឹងថានឹងបន្ថយការគំរាមដល់តំបន់អូដេសានៅក្បែរនោះ។កោះនេះនៅតាមផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏មមាញឹក។រុស្ស៊ីបានចូលកាន់កាប់វាតាំងពីប៉ុន្មានថ្ងៃដំបូងនៃការផ្ទុះសង្គ្រាម ដោយទំនងជាសង្ឃឹមថាប្រើវាជាទីតាំងឈរជើងដើម្បីវាយចាប់យកកំពង់ផែអូដេសា។
រដ្ឋាភិបាលវិមានក្រឹមឡាំងបានពណ៌នាការដកកងកម្លាំងនេះថាជា«កាយវិការសុឆន្ទៈ»មួយខណៈប្រធានាធិបតីឥណ្ឌូនេស៊ីកំពុងធ្វើទស្សនកិច្ចទីក្រុងមូស្គូនិងស្នើសុំអោយរុស្ស៊ីកុំរារាំងការដឹកជញ្ជូនស្បៀងចេញពីអ៊ុយក្រែន។ទោះជាយ៉ាងណា យោធាអ៊ុយក្រែនបាននិយាយថា ការបាញ់ផ្លោងដាក់និងការវាយប្រហារដោយកាំជ្រួចស្រោចរបស់ខ្លួនបានបង្ខំអោយរុស្ស៊ីរត់ភៀសខ្លួនតាមទូកលឿនចំនួនពីរគ្រឿង។
កាលពីថ្ងៃចន្ទ ការវាយប្រហារដោយកាំជ្រួចរុស្ស៊ីមួយទៀតត្រូវចំផ្សារមួយនៅទីក្រុង ក្រេមិនជុក(Kremenchuk)ដោយសម្លាប់មនុស្សយ៉ាងតិច១៩នាក់និងរបួស៦២នាក់ទៀត៕
រូបផ្តល់ដោយសេវាគ្រាអាសន្នអ៊ុយក្រែន បង្ហាញអាគារមនុស្សរស់នៅខូចខាតនិងឆេះដោយសារអ្វីដែលអ៊ុយក្រែនថាជាការវាយប្រហារដោយកាំជ្រួចរុស្ស៊ី