ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អភិបាលក្រុងតូចមួយរបស់ម៉ិកស៊ិកបានរៀបការជាមួយកូនក្រមុំជាសត្វក្រពានៅក្នុងពិធីចម្រុះពណ៌មួយ ខណៈតន្ត្រីប្រពៃណីបានបន្លឺឡើងហើយអ្នកដើរលេងបុណ្យនាំគ្នារាំលេង ខណៈរំអុកមេដឹកនាំជនជាតិដើមភាគតិចរូបនេះឱ្យភ្ជាប់ចំណងអាពាហ៍ពិពាហ៍មួយនេះដោយការថើប។
អភិបាលក្រុងសាន់ប៉េត្រូហួមេលូឡា (San Pedro Huamelula) លោក វីកទ័រ យូហ្គោ សូសា (Victor Hugo Sosa) បានធ្វើតាមការរំអុកជាច្រើនដងក្នុងពិធីមង្គលការកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ មិថុនា ដោយឱនថើបបបូរមាត់ក្រពា ដែលគេចងជាប់ដើម្បីបង្ការកុំឱ្យវាខាំដោយប្រការណាមួយ។
ការរៀបអាពាហ៍ពិពាហ៍តាមពិធីសាសនាបែបនេះគឺមានតាំងពីរាប់សតវត្សរ៍មុននៅសម័យមុនភាសាអេស្ប៉ាញក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច ឆុនតាល់ (Chontal)និងហួវេ (Huave) នៃរដ្ឋអាវសាកា (Oaxaca) ដែលប្រៀបបីដូចជាការបួងសួងសុំពរជ័យពីធម្មជាតិផងដែរ។
លោកសូសាជាអភិបាលក្រុងនៅតំបន់ភូមិនេសាទនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃរដ្ឋអាវសាកា បាននិយាយថា “យើងបួងសួងសុំធម្មជាតិឱ្យយើងមានភ្លៀងគ្រប់គ្រាន់ មានអាហារគ្រប់គ្រាន់ មានត្រីនៅក្នុងទន្លេ”។
រដ្ឋអាសាកា ដែលមានទីតាំងនៅតំបន់ភាគខាងត្បូងដ៏ក្រីក្ររបស់ម៉ិកស៊ិក ត្រូវបានសន្មតថាជារដ្ឋសម្បូរបែបខាងវប្បធម៌ជនជាតិដើមភាគតិចបំផុតរបស់ប្រទេសនិងជាកន្លែងសម្រាប់ក្រុមជនជាតិជាច្រើនដែលបានថែរក្សាភាសានិងប្រពៃណីរបស់ពួកគេរហូតមកទល់សព្វថ្ងៃ។
ពិធីសាសនាបុរាណនៅក្រុងសាន់ប៉េត្រូហួមេលូឡា ដែលឥឡូវលាយឡំជាមួយនឹងជំនឿសាសនាកាតូលិក គឺពាក់ព័ន្ធនឹងការស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌សឱ្យសត្វក្រពាបូកនឹងសម្លៀកបំពាក់ចម្រុះពណ៌ផ្សេងទៀត។
សត្វល្មូនអាយុប្រាំពីរឆ្នាំ ដែលគេហៅថា ព្រះនាងតូច ត្រូវគេជឿថាជាអាទិទេពតំណាងឱ្យមាតាធរណីហើយអាពាហ៍ពិពាហ៍របស់វាជាមួយមេដឹកនាំក្នុងតំបន់ជានិមិត្តរូបនៃការចូលរួមរបស់មនុស្សជាមួយនឹងព្រះ៕
អាពាហ៍ពិពាហ៍របស់ក្រពាជាមួយមេដឹកនាំក្នុងតំបន់គឺជានិមិត្តរូបនៃការចូលរួមរបស់មនុស្សជាមួយនឹងព្រះ