​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្នុងអំឡុង ខែមិថុនា ឆ្នាំ​២០២២ កន្លងមក អ​ង្ភ​ភាព​ប្រឆាំង​អំពើ​ពុក រលួយ បានទទួល​ពាក្យ​ប្ដឹង ចំនួន​២៥ ត្រូវបាន​ដាក់ចូល​ប្រជុំ​វិភាគ ក្រោយពី​បានទទួល ១ ឬ ២ ថ្ងៃ ។​

​យោងតាម​សេចក្តីជូនដំណឹង ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ អាណត្តិ​ទី​៣ លើក​ទី​១៣ ដែល​បាន​បើក​កិច្ចប្រជុំ កាលពី​ថ្ងៃទី​៣០ ខែ មិថុនា ឆ្នាំ​២០២២ បានឱ្យដឹងថាៈ ក្រៅពី​ទទួល​ពាក្យ​ប្តឹង ក្នុង​ខែមិថុនា កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បាននិងកំពុង ពិនិត្យ​ឯកសារ​ពី​ភាគី​ពាក់ព័ន្ធ​-​ស្រាវជ្រាវ​ដល់​មូលដ្ឋាន​-​ស្ដាប់​ការបំភ្លឺ​លើ​ពាក្យ​ប្ដឹង​ចំនួន​២៧ ។​

​ប្រភព​ដដែល​នេះ បានបញ្ជាក់​បន្ថែមថាៈ “ ក្រោយ​ពិនិត្យ​-​វិភាគ​-​ចុះ​ស្រាវជ្រាវ ឬ​សុំឱ្យ​បំភ្លឺ ជា​លាយលក្ខណ៍អក្សរ​ក្តី ដោយផ្ទាល់​មាត់​ក្តី ឃើញថា ពាក្យ​ប្ដឹង​ចំនួន​១០ មិន​ពាក់ព័ន្ធ​នឹង​បទ ល្មើស​ពុករលួយ​ទេ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​បញ្ចប់ ដោយ​ជម្រាប​ដល់ ម្ចាស់​បណ្ដឹង​វិញ​ថា ពាក្យ​ប្ដឹង ទាំងនោះ មិនមាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដែលជា​សមត្ថកិច្ច​រប​ស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ”​។​

​ក្រៅពីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ជម្រាប​ដល់​ម្ចាស់​បណ្ដឹង​វិញ នូវ​លទ្ធផល នៃ​ការស្រាវជ្រាវ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំនួន​១៦ លិខិត ។ បានធ្វើ​លិខិត​ឱ្យ សាមី​សា្ថ​ប័ន និង​សា​ម៉ី​ខ្លួន រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ និង​កំពុង​រង់ចាំ​ការបំភ្លឺ​មកវិញ ចំនួន​២៨ លិខិត​។ បានទទួល​លិខិត​បំភ្លឺ​ពី​ក្រសួង ស្ថាប័ន និង​សាមីខ្លួន​វិញ ចំនួន ២២ លិខិត​បានធ្វើ​លិខិត​កោះហៅ ជន​ពាក់ព័ន្ធ​នឹង​ពាក្យ​ប្ដឹង ឱ្យមក​បំភ្លឺ​ផ្ទាល់ នៅ​អង្គភាព​ប្រឆាំង អំពើពុករលួយ ចំនួន ៤៣ លិខិត និង​បានធ្វើ​លិខិត​អន្តរាគមន៍​ចំនួន ០១ លិខិត​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឱ្យដឹង​ដែរ​ថាៈ ក្នុង​ខែមិថុនា កន្លងមក ក៏មាន​មន្ត្រី​ដែល ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចំនួន ១៩៣ នាក់ ក្នុងនេះ មាន​មន្ត្រី​តែងតាំង ថ្មី ១៦០ រូប មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​លើកចុងក្រោយ ដោយ​មូលហេតុ​លាឈប់ ពី​ការងារ​-​ចប់​អាណត្តិ -​ចូលនិវត្តន៍ និង​បញ្ឈប់​ពី​ការងារ ចំនួន ៣៣​រូប​។​

​ក្រៅពី​មន្ត្រី​ដែល ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះ ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ ក៏បាន​សម្រេច​បើក​មើល​ឯកសារ​ទ្រព្យសម្បត្តិ និង​បំណុល​តាម​សំណូមពរ ស៊ើប​អង្ក​ត ២ ករណី ផងដែរ​។​

​ប្រភព​ដដែល​នេះ បានឱ្យដឹង​បន្ថែមថាៈ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បាន​ត្រៀម​រៀបចំ​ទទួល ឯកសារ​ប្រកាស ចំនួន សរុប ៩.៣៨៩ រូប ក្នុងនោះ​ទទួល​តំណែង​ថ្មី​ចំនួន ៤.៧៥៧ រូប និង​ចប់​អាណត្តិ ចំនួន ៤.៦៣២ រូប​។​

​ជាមួយគ្នានេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ដែរថាៈ ចំពោះ​ការងារ​អប់រំ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បន្ត​ផលិត​វីដេអូ អំពី​សកម្មភាព​ការងារ ពាក់ព័ន្ធ​នឹង​ការ ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី​ផ្សព្វផ្សាយ ជូន​សាធារណជន តាមរយៈ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​-​ទូរទស្សន៍​-​វិទ្យុ និង​កាសែត ។​ល​។ ក្រៅពីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចូល​បង្រៀន ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ជូន​ដល់​សិស្ស​មេធាវី​ជំនា​ន់ទី​១៨​។​

​ការងារ​បង្ការ និង​ទប់ស្កាត់ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចូលរួម​សង្កេតការណ៍ ការ ប្រឡង​ថ្នាក់ជាតិ ជ្រើសរើស​សិស្ស និស្សិត ចូលរៀន​កម្រិត​បរិញ្ញាបត្រ នៅតាម​គ្រឹះស្ថាន បណ្តុះបណ្តាល វិស័យ​សុខាភិបាល​។ ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ​វិញ អង្គភាព​ប្រឆាំង អំពើពុករលួយ ក៏បាន​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឯកសារ នៃ​ការធ្វើ​លទ្ធកម្ម​សាធារណៈ ចំនួន ៧២ គម្រោង នៃ​អង្គភាព​លទ្ធកម្ម រាជធានី​-​ខេត្ត ក្រសួង​-​ស្ថាប័ន -​មន្ទីរ និង​អង្គភាព​នានា​ចំនួន ៣១ ៕/V​