ដោយៈ ប.ខុន / ភ្នំពេញៈ ខណៈពេលព្យុះទី៣ ឈ្មោះ ចាបា (CHABA) ដើរទៅដល់ទន្ទឹម ខាងកើតកោះហៃណាំ ព្យុះទី៤ ឈ្មោះ អៀរ៉េ (AERE) ក៏បានកើតមាន នៅក្នុងសមុទ្រ ប៉ាស៊ីហ្វិក ភាគឦសាន នៃប្រទេសហ្វីលីពីន មានដំណើរទៅរកឧបទ្វីបកូរ៉េ តែមិនមានឥទ្ធិពល អ្វី ដល់ប្រទេសកម្ពុជានោះទេ។ ចំពោះព្យុះចាបា ដែលនឹងដើរកាត់លើភាគឦសាន នៃកោះហៃណាំបន្តិច មុននឹងទៅដល់ដីគោកប្រទេសចិន ធ្វើឱ្យមានខ្យល់ខ្លាំង នៅតំបន់មាត់ សមុទ្ររបស់កម្ពុជា ជាមួយនឹងការធ្លាក់ភ្លៀងច្រើន នៅថ្ងៃទី២ និងទី៣ ខែកក្កដា នៅតំបន់មាត់ សមុទ្រ និងតំបន់ខ្ពង់រាប។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១ ខែកក្កដាថាៈ ព្យុះទី៣ ឈ្មោះ ចាបា (CHABA) ដែលដើរទៅដល់ ទន្ទឹមនឹងខាងកើតកោះហៃណាំ ក្នុងកម្រិតជា STS នឹងដើរកាត់លើ ភាគឦសាន នៃកោះហៃណាំ មុននឹងទៅដល់ជ្រៅ លើដីគោកប្រទេសចិន ក៏មានព្យុះមួយ ទៀត ឈ្មោះ អៀរ៉េ (AERE) បានកើតឡើង នៅក្នុងសមុទ្រប៉ាស៊ិហ្វិក ភាគឦសាន នៃប្រទេសហ្វីលីពីន ដោយមានដំណើរទៅរកឧបទ្វីបកូរ៉េ តែគ្មានឥទ្ធិពលអ្វី ដល់ប្រទេសកម្ពុជាទេ។
អ្នកនាំពាក្យ ក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ចំពោះព្យុះទី៣ ដែលកាន់តែទៅដល់កៀក ខាងកើតកោះហៃណាំ មានដំណើរចូលជ្រៅ លើដីគោកប្រទេស ចិន ធ្វើឱ្យតំបន់មាត់សមុទ្រកម្ពុជា មានខ្យល់ខ្លាំង និងភ្លៀងច្រើន ជាពិសេសនៅថ្ងៃទី២ និងទី៣ ខែកក្កដា។ នៅថ្ងៃទី១ ខែកក្កដានេះ នៅភ្នំពេញ មានភ្លៀង ក្នុងកម្រិតតិចតួច តែនៅ តំបន់មាត់សមុទ្រ ខេត្តកោះកុង និងខ្ពង់រាបភាគឦសាន មានភ្លៀងច្រើន។ តំបន់អាងទន្លេ មេគង្គលើ ក៏មានភ្លៀងធ្លាក់ដែរ តែមិនច្រើនទេ នៅពេលព្យុះ ដើរទៅជិតដល់ដីគោកប្រទេស ចិន នាល្ងាចថ្ងៃទី២ ខែកក្កដានោះ។ ភ្លៀងធ្លាក់ រយៈពេល ២៤ ម៉ោង នៅក្រុងព្រះសីហនុ ត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា មានកម្រិត ៨៧ មីលីម៉ែត្រ ស្រុកស្ទឹងហាវ ១៤៦ មីលីម៉ែត្រ និងនៅស្រុកព្រៃនប់ មានកម្រិត ២២៩ មីលីម៉ែត្រ។
របាយទឹកភ្លៀង ដែលបានធ្លាក់ រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា នៅរាជធានីភ្នំពេញ មានកម្រិតពី ៨ ដល់ ៥៥ មីលីម៉ែត្រ, ខេត្តព្រះសីហនុ មានកម្រិតពី ៨៧ ដល់ ២២៩ មីលីម៉ែត្រ, ខេត្តកំពង់ឆ្នាំង មានកម្រិតពីតិច ដល់ ៤១ មីលីម៉ែត្រ, ខេត្តកោះកុងមានកម្រិត ២២ ដល់ ១៤៦ មីលីម៉ែត្រ, ខេត្តក្រចេះ មានកម្រិតពី ១៤ ដល់ ៨៣ មីលីម៉ែត្រ, ខេត្តរតនគិរី មានកម្រិតពី ៦ ដល់ ៨២ មីលីម៉ែត្រ, ខេត្តកណ្តាល មានកម្រិតពីតិច ដល់ ៤០ មីលីម៉ែត្រ, ខេត្តស្វាយរៀង មានកម្រិតពីតិច ដល់ ៣៤ មីលីម៉ែត្រ, ខេត្តព្រះវិហារ មានកម្រិត ពីតិច ដល់ ៣២ មីលីម៉ែត្រ, ខេត្តឧត្តរមានជ័យ កម្រិតពីតិច ដល់ ៤០ មីលីម៉ែត្រ, ខេត្តកំពត មានកម្រិតពីតិច ដល់ ៣២ មីលីម៉ែត្រ, ខេត្តត្បូងឃ្មុំ មានកម្រិតពីតិច ដល់ ៤១ មីលីម៉ែត្រ, ខេត្តកែប មានកម្រិតពីតិចដល់ ៣២ មីលីម៉ែត្រ, មណ្ឌលគិរី មានកម្រិតពីតិច ដល់ ២៦ មីលីម៉ែត្រ, ខេត្តពោធិសាត់មានកម្រិត ពី ១៥ ដល់ ៨៧ មីលីម៉ែត្រ និងខេត្តកំពង់ចាម មានភ្លៀងកម្រិតពីតិច ដល់ ៣៤ មីលីម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៨ ខែមិថុនា បានជូនដំណឹង ស្តីពីការព្យាករ ស្ថានភាពធាតុអាកាសធាតុ សម្រាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ លើភាគខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបមួយទៀត នៅក្នុងសមុទ្រចិនខាងត្បូង ដែលនឹងវិវត្តខ្លួន ជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរ ឆ្ពោះទៅកាន់កោះហៃណាំ។
សេចក្តីជូនដំណឹង សរសេរទៀតថាៈ ស្ថានភាពបែបខាងលើនេះ នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ ក៏នឹងអាចមានភ្លៀងច្រើន ដោយអន្លើលាយឡំទៅដោយ ផ្គរ រន្ទះនិង ខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ៕/V