ដោយ៖ ដេប៉ូ / សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានថ្លែងថាៈ គម្រោង«និរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានចូលរួមធ្វើឱ្យប្រសើរ នូវការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងអំណោយផល ដើម្បីលើកកម្ពស់អេកូទេសចរណ៍ និងខ្សែសង្វាក់ តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ហើយក៏ដូចជាចូលរួម លើកស្ទួយជីវភាពសហគមន៍មូលដ្ឋានផងដែរ។
លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានមូលដ្ឋាន នៃក្រសួងបរិស្ថាន និងជានាយក គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានថ្លែងបែបនេះ ក្នុងពេលបំពេញទស្សនកិច្ចស្វែងយល់ អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងបឹងទន្លេសាប រយៈពេល ៣ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ទាក់ទិនក្នុងរឿងនេះ លោក ខៀវ បូរិន បានលើកឡើង ដោយបញ្ជាក់ថាៈ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលកំពុងអនុវត្ត ដោយ ក្រសួងបរិស្ថានកំពុងបោះជំហាន ដោយជោគជ័យ។ ព្រមជាមួយគ្នា វាក៏ទាមទារចាំបាច់ ដោយឱ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ទាំងនោះ តាមការរយៈការកាត់បន្ថយការប្រើប្រាស់ ធនធានធម្មជាតិ ដូចជាការចូលកាប់ឆ្ការព្រៃ តាមបែបប្រពៃណី ដើម្បីដាំដំណាំ និងការបរបាញ់សត្វ ជាដើម ។ល។
លោក ខៀវ បូរិន បានថ្លែងថាៈ “គម្រោងមួយនេះ បានអនុវត្តចំនួន ៦ ឆ្នាំ ដោយបានចាប់ផ្តើម ពីឆ្នាំ ២០១៩ ដោយអនុវត្តនៅខេត្តចំនួន៧ រួមមាន ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់,បាត់ដំបង សៀមរាប និង កំពង់ធំ។ យើងមានថវិកាសរុប ប្រហែលជិត ៦០ លានដុល្លារ ”។
លោកបានមានប្រសាសន៍ថាៈ “ ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាង ផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈ សំខាន់ចាំបាច់ ជាសារវន្ត ក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងតួនាទីសេវាកម្មប្រព័ន្ធ អេកូឡូស៊ីហើយដៃម្ខាងទៀត ផ្តោតលើការជួយដល់ ការអភិវឌ្ឍសហគមន៍ តំបន់ការពារ ធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន”។
ទាក់ទិនក្នុងរឿងនេះដែរ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាន នៃក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថាៈ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរ នូវការគ្រប់គ្រងតំបន់ ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវាក់ តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដោយបែងចែកជា ៥ សមាសភាគ៖ (១). ការពង្រឹងសមត្ថភាព ក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ ទេសភាព ក្នុងតំបន់ការពារធម្មជាតិ (២). ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ (៣). ជំរុញនូវការតភ្ជាប់ខ្សែផ្លូវ ចេញចូលនៅតាមជនបទ (៤). ការគ្រប់គ្រងតម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង (៥). ការឆ្លើយតប ទៅនឹងគ្រោះអាសន្ន។
គួរបញ្ជាក់ថា ក្រោមការគាំទ្រ ពីធនាគារពិភពលោក, ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល ៦ ឆ្នាំ (២០២០-២០២៥) គម្រោងមានវិសាលភាពគាំទ្រ ដល់ការគ្រប់គ្រង ធនធានធម្មជាតិ លើផ្ទៃដី ប្រមាណជាង ៣,៨ លានហិកតា ក្នុងតំបន់ការពារធម្មជាតិ ចំនួន១៤។
បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៧៤ និងរបៀងអភិរក្ស ជីវៈចម្រុះ ចំនួន៣ លើផ្ទៃសរុប ៧,៣ លានហិកតា ស្មើនឹង៤១ភាគរយ នៃផ្ទៃដីប្រទេស និងបានសម្របសម្រួល បង្កើតសហគមន៍ តំបន់ការពារធ្មជាតិ បាន ១៨២ ទីតាំង និងមានសហគមន៍ខ្លះ មានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ការអភិវឌ្ឍន៍ ជីវភាពសហគមន៍ ថែមទៀត៕/V