ដោយ: ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា/ភ្នំពេញ៖នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និងសហការីលោកជំទាវគឺ វុទ្ធី សុកញ្ញា បានមកធ្វើទស្សនកិច្ចនៅទីតាំង «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាកន្លែងដែលមជ្ឈមណ្ឌលឯកសារកម្ពុជាសាងសង់ចេតិយជាសំណងសមូហភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានសាច់ញាតិបងប្អូនស្លាប់ក្នុងរបបខ្មែរក្រហមនិងសំណង់ផ្ទាំងពាក្យស្លោករំឮកពីការចងចាំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។
រូបទីមួយរាប់ពីឆ្វេង លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និង លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ទស្សនាសំណង់ចេតីយ៍សំណងនិម្មិតរូប នៅទីតាំង «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។(ថុន ស្រីពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងសហការី ត្រូវបានទទួលស្វាគមន៍ដោយលោកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រចាំខេត្តព្រៃវែង និងបុគ្គលិក ព្រមទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ១០នាក់ នៅនឹងទីតាំងផ្ទាល់ នៅវេលាម៉ោង១០កន្លះ។ លោក ផេង ពង្សរ៉ាស៊ី បានជម្រាបជូនលោកជំទាវអគ្គរាជទូត ពីការសាងសង់សំណង់ចេតីយ៍និងផ្ទាំងពាក្យស្លោកនិងបុព្វហេតុដែលនាំឲ្យមានការសាងសង់សំណង់រឹងមាំទាំងពីរថាជាការស្នើសុំរបស់អាជ្ញាធរមូលដ្ឋានបន្ទាប់ពីមានការឯកភាពគ្នាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងរស់នៅក្នុងភូមិនានានៃឃុំចាមស្រុកកំពង់ត្របែកសម្រាប់សំណងនិម្មិតរូបក្រោយការបិទបញ្ចប់ដំណើរការរបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។
លោកស្រី សូ ហ្វារីណា បានប្រាប់ពីគម្រោងសំខាន់ៗមួយចំនួនដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបាន និងកំពុងអនុវត្តនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង ជាពិសេសនៅក្នុងស្រុកកំពង់ត្របែក រួមទាំងគម្រោងស្តីពីការលើកកម្ពស់សិទ្ធិនិងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផង។
រូបដើរខាង លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា និងលោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ទៅទស្សនាសំណង់ចេតីយ៍សំណងនិម្មិតរូប នៅទីតាំង «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។(ថុន ស្រីពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវអគ្គរាជទូត បានជួបសំណេះសំណាលជាមួយអ្នកភូមិដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអ្នកដែលបានយកអដ្ឋិធាតុសាច់ញាតិបងប្អូនដែលបានស្លាប់ក្នុងរបបខ្មែរក្រហមមកដាក់តម្កល់នៅក្នុងចេតីយ៍ នៅក្រោមដើមត្នោតបីបួនដើមស្ថិតនៅលើទីតាំងទួលធាតុ ក្បែរសំណង់ចេតីយ៍និងផ្ទាំងពាក្យស្លោក ដោយក្តីសោមនស្សរីករាយនិងភាពស្និទ្ធស្នាល។ជាដំបូងលោកជំទាវបានថ្លែងអំណរគុណចំពោះវត្តមានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចំណាយពេលវេលាមកទទួលស្វាគមន៍លោកជំទាវ។
លោកជំទាវ ក៏បានរំឮកដល់អ្នករស់រានមានជីវិតទាំងអស់ពីសារសំខាន់នៃការសាងសង់ចេតិយនិងផ្ទាំងពាក្យ ស្លោកនេះថាវាពិតជាបានបង្កើននូវការចងចាំនិងការផ្សះផ្សាជារួមមួយក្រោយតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រមទាំងជាកន្លែងបង្រៀនយុវជនជំនាន់ក្រោយពីប្រវត្តិសាស្ត្រនេះទៀតផងតាមរយៈការប្រើប្រាស់ទីតាំង និងសំណង់នេះជាថ្នាក់រៀន។
លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដើរកាត់វាលស្រែទៅទស្សនាសំណង់ចេតីយ៍សំណងនិម្មិតរូប នៅទីតាំង «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
(ថុន ស្រីពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវមានប្រសាសន៍ដូច្នេះថា «ខ្ញុំសប្បាយចិត្តណាស់ដែលឃើញបងប្អូន ពូមីងបានមកចូលរួមនៅទីនេះ។ ខ្ញុំមកថ្ងៃនេះ គឺចង់មកមើលចេតិយដែលមជ្ឈមណ្ឌលឯកសារកម្ពុជា ទើបតែសាងសង់រួចរាល់កាលពីខែមេសា កន្លងទៅនេះ។ដោយយល់ឃើញថាបងប្អូនពូមីងដែលជាជនរងគ្រោះមានសាច់ញាតិបងប្អូនស្លាប់នៅក្នុងរបបខ្មែរក្រហមទើបមានការសាងសង់សំណង់ចេតីយ៍នេះឡើងនៅទីនេះដើម្បីគោរពវិញ្ញាណក្ខន្ធដល់ពួកគាត់ដែលបានស្លាប់ទៅ។ ទីតាំងនេះ ក៏ជាកន្លែងសម្រាប់បង្រៀនដល់ក្មេងជំនាន់ក្រោយឲ្យចងចាំពីរបបខ្មែរក្រហម និងទប់ស្កាត់អំពើប្រល័យពូជសាសន៍មិនឲ្យវិលត្រឡប់មកវិញសារជាថ្មីម្តងទៀត»។
ជាចុងក្រោយ លោកជំទាវបានសួរទៅកាន់អ្នករស់រានមានជីវិតទាំងអស់ពីអាយុ ការរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាព។ មុនដំបូង លោកជំទាវបានបង្ហាញពីអារម្មណ៍របស់លោកជំទាវតាមរយៈការមើលឃើញផ្ទាល់ភ្នែកថា អ្នករស់រានមានជីវិតទាំងអស់ពិតជាមានសុខភាពល្អ និងរឹងមាំណាស់។ ប៉ុន្តែនៅពេលដែលលោកជំទាវសួរនាំដល់បញ្ហាសុខភាព អ្នករស់រានមានជីវិតភាគច្រើន ជាពិសេសអ្នកដែលមានអាយុលើស៦០ឆ្នាំ សុទ្ធតែមានជំងឺទឹកនោមផ្អែម ជំងឺសន្លាក់ និងជំងឺលើសឈាម។ លោកជំទាវមានប្រសាសន៍ដូច្នេះថា «…មួយវិញទៀតខ្ញុំបានដឹងថា មជ្ឈមណ្ឌលឯកសារកម្ពុជា គឺមានគម្រោងមួយពាក់ព័ន្ធនឹងការគាំពារសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំកោតសរសើរអ៊ុំពូមីង ដែលមើលទៅឃើញថាអ៊ុំពូមីងមានវ័យចាស់ និងមានសុខភាពរឹងមាំ ក៏ប៉ុន្តែតាមរយ:ការសំណេះសំណាលរបស់ខ្ញុំជាមួយបងប្អូនពូមីងវទើបខ្ញុំដឹងថា អ៊ុំពូមីងភាគច្រើន សុទ្ធតែមានជំងឺប្រចាំកាយ ដូចជាលើសឈាម ទឹកនោមផ្អែម ក្រពះ វិលមុខ ស្ពឹកស្រពន់ជាដើម»។ ចុងបញ្ចប់ លោកជំទាវបានផ្តាំផ្ញើឲ្យអ្នករស់រានទាំងអស់ថែរក្សាសុខភាព និងបន្តចែករំលែកបទពិសោធន៍របស់ខ្លួនដល់ក្មេងៗជំនាន់ក្រោយទៀត ដើម្បីថែរក្សាការចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងចូលរួមទប់ស្កាត់ការកកើតឡើងវិញនៃរបបនេះនាពេលអនាគត។
លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចេតីយ៍សំណងនិម្មិតរូប «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
(ថុន ស្រីពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានវត្តមាននៅឯសំណង់ចេតីយ៍សហគមន៍ បានថ្លែងអំណរគុណដល់លោកជំទាវ ធីណា រ៉េដ ស ដែលបានយកចិត្តទុកដាក់និងចុះមកសួរសុខទុក្ខអ្នករស់រានមានជីវិតដោយផ្ទាល់នាថ្ងៃនេះ។ នេះគឺជាកាយវិការមួយដែលបង្ហាញថា រឿងរ៉ាវរបស់គាត់មិនត្រូវបានបំភ្លេច។
អ្នករស់រានមានជីវិតទាំងអស់ បានសំណូមលោកជំទាវឲ្យជួយកែលម្អបរិវេណចេតីយ៍ ជាពិសេសឈូសឆាយផ្លូវចូលមកកាន់ចេតីយ៍ឲ្យកាន់តែប្រសើរជាងនេះ ដើម្បីឲ្យគាត់ទាំងអស់គ្នាអាចមកប្រារព្ធកម្មវិធីផ្សេងៗ ដូចជាទិវាចងចាំ និងវេទិកាពិភាក្សាអំពីរឿងរ៉ាវពីសម័យខ្មែរក្រហមដល់ក្មេងជំនាន់ក្រោយនៅទីនេះបានកាន់តែប្រសើរ។
សូមបញ្ជាក់ថា កាលពីបីខែមុន គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ធីណា រ៉េដស បានមកធ្វើទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ម្តងរួចហើយ ដើម្បីស្វែងយល់ពីដំណើរការនៃបណ្ណាល័យនេះ និងកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា៕សរន
លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចេតីយ៍សំណងនិម្មិតរូប «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
(ថុន ស្រីពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជួបលោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅចេតីយ៍សំណងនិម្មិតរូប «ទួលធាតុ»។
(ថុន ស្រីពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
សំណង់ចេតីយ៍សំណងនិម្មិតរូប នៅទីតាំង «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ថតរូបជុំគ្នាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចេតីយ៍សំណងនិម្មិតរូប «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។(ថុន ស្រីពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និង លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ទស្សនាសំណង់ចេតីយ៍សំណងនិម្មិតរូប នៅទីតាំង «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។(ថុន ស្រីពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)