​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ តុលាការ បានសម្រេច​ធ្វើការ​ចោទប្រកាន់ អ្នកលេង Tik Tok ម្នាក់ ពីបទ​ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បំពុលសង្គម តាមរយៈ Tik Tok ថា មាន​ប្រជាពលរដ្ឋ​ស្លាប់ ដោយសារ​កូ​វីដ​១៩ ថ្មី​ទៀត នៅក្នុង​ខេត្តកោះកុង​។

​អ្នកនាំពាក្យ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅមុននេះ បន្តិច​ថា លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​អ្នកលេង Tik Tok ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម និង​បាន​បញ្ជូន​ទៅកាន់ ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​តាម​នីតិវិធី​។​

​អ្នកលេង Tik Tok ដែល​ចាប់ខ្លួន​ឈ្មោះ ហ៊ៅ អ៊ូ​ខុង រស់នៅក្នុង​ភូមិ​ជើង​អង ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ តាម​បណ្តឹង​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បញ្ជូន មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មុននឹង​បញ្ជូន​ទៅកាន់​តុលាការ​។​

​ថ្លែង​ពី​ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ ១​កក្កដា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ពី​ការចាប់ខ្លួន​បុរស​ម្នាក់ មាន​TikTok ឈ្មោះ «​ហ៊ៅ អ៊ូ​ខុង​» ដែល​ផ្សព្វផ្សាយ​បំពុល​ព័ត៌មាន​ថា មាន​ករណី​ស្លាប់ ដោយ​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្តកោះកុង​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា មានការ​បំពុល​ព័ត៌មាន​តាម Tik Tok ដោយ​យក​រូបភាព​មនុស្ស​ស្លាប់ នៅឯ​ខេត្តកោះកុង ដែល​អត់​មាន​មនុស្ស​ស្លាប់ តាំងពី​ខែមេសា យកមក​បង្ហោះ តាម Tik Tok​។
​សម្តេច​បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ស្រាវជ្រាវ និង​បញ្ជា​ឲ្យ​ចាប់ខ្លួន​ឲ្យ​ខាន តែ​បាន ដោយ​សម្តេច បាន​បញ្ជាក់ថា បើ​មិន​ចង់​ជាប់​ខ្នោះ​ទេ កុំ​ធ្វើ​រឿង​អីចឹង ពីព្រោះ​រឿងនេះ មិនមែនជា​រឿង​លេងសើច​ទេ ការភ័យខ្លាច ក្នុងចំណោម​សាធារណជន មិនមែន​រឿង បញ្ចេញមតិ​ទេ ។​

​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទុកជាមុន​ថា “​អ្នកណា​ក៏ដោយ ដែល​យក​បញ្ហា​កូ​វីដ ទៅជា​បញ្ហា​លេងសើច បំពុលបរិយាកាស ត្រូវបាន​ចាប់ខ្លួន​។ អា​អ៊ូ​ខុង ចាប់ខ្លួន​ហើយ វ៉ៃខ្នោះ​បាត់ទៅហើយ​។ ខ្ញុំ​បញ្ជា​ទាំងយប់ បញ្ជា​ឲ្យ​ចាប់​ឲ្យ​បាន​។ ឥឡូវ ឆៃ ស៊ីណា​រិ​ទ្ធ រាយការណ៍​មក​មុខសញ្ញា​ឈ្មោះ អ៊ូ​ខុង អនុវត្ត​ដីកា​របស់ ព្រះរាជអាជ្ញា រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ឃាត់ខ្លួន ដើម្បី​បញ្ជូន​ខ្លួន ទៅកាន់​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។ ផុស​ឡើង​មួយ​ចាប់​មួយ ឡើង​ពីរ​ចាប់ពីរ អត់​មាន​ទុក​ទេ ព្រោះ​រឿងនេះ អត់​មានរឿង​លេងសើច​ទេ​។ យើង​អ​ទ់​មាន​អ្នកជំងឺ នៅក្នុង​មន្ទីរពេទ្យ សូម្បី​មួយ​នាក់​។ ហេតុ​អី​បានជា​យក​រូបភាព ដែល​មនុស្ស​ស្លាប់ នៅ​កោះកុង តាំងពីណា​ពី​ណី​យកទៅ​បង្ហោះ​។ បើ​យើង​មិន​ចាប់​មានន័យថា យើង​មិន​អនុវត្ត​ច្បាប់​។ នៅលើ​ពិភពលោក កំពុង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ហេតុ​អី​កម្ពុជា​ប្រឆាំង​មិនបាន ដែល​លើក ឡើង អំពី​ការស្លាប់​មនុស្ស​បែបនេះ មិនអាច​ទទួល​បានទេ ហើយក៏​មិនអាច​លើកលែង បានដែរ​”៕/V​