ដោយៈ បូកគោ / កែប​: សំណង់​រឹងមាំ​មួយកន្លែង ស្ថិត​ក្នុងភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ បាន​លេចចេញ​រូបរាង ប្រមាណ​ជាង ៣០ ភាគរយ និង​កំពុង​បន្ត ដំណើរការ​ជា​ប្រក្រតី ទាំង​ពុំមាន​ច្បាប់​អនុញ្ញាត​។ មន្ត្រី​ជំនាញ​រកឃើញថា ទីតាំង​នៃ សំណង់​នេះ ប្រមាណ ៤០ ភាគរយ បាន​បំពាន​លើដី​ចំណី​សមុទ្រ​។ ប៉ុន្តែ​វិធានការ​តម្រូវ ឲ្យ​ផ្អាក ឬ​វាយ​កម្ទេចចោល យ៉ាងណា​មិនទាន់មាន​ពន្លឺ​នៅឡើយ​។​

​ប្រាប់​ឲ្យ​ដឹង​តាម​ទូរ​សព្ទ នា​រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ លោក សយ ចាន់​រ៉ាវុធ ប្រធានការិយាល័យ​ភូមិបាល ស្រុក​ដំណាក់​ចង្អើរ បានបញ្ជាក់​ថាៈ ប្រហែល​ជិត​មួយខែ​មុន អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី មួយរូប បាន​ដឹកនាំ ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ដោយមាន​ការចូលរួម​ពី​មន្ត្រីរដ្ឋបាល ស្រុក​ដំណាក់​ចង្អើរ​ផង បាន​ចុះទៅពិនិត្យ​ការដ្ឋាន​សំណង់ មួយកន្លែង​នោះ ស្របតាម​ការណែនាំ របស់លោក​អភិបាលខេត្ត​កែប​។ នៅ​ទីតាំង​ផ្ទាល់ មិនបាន​ជួប​ម្ចាស់​ដី​ទេ គឺ​មានតែ​ក្រុម​ជាង ដែល​កំពុង​សាងសង់ ដោយ​ចាក់​រួចរាល់ ត្រឹមតែ​សសរ​ក្រោម​។
​លោក​ប្រធានការិយាល័យ បាន​បន្តថាៈ ដំណើរការ​វាស់វែង ឃើញថា ទីតាំង​នៃ​សំណង់ ប្រមាណ ៤០ ភាគរយ បាន​បំពាន​លើដី​ចំណី​សមុទ្រ​។ ក្រុមការងារ បាន​ផ្តាំផ្ញើ តាមរយ​:​ក្រុម​ជាង ឲ្យ​ម្ចាស់​បញ្ឈប់ តែ​មកដល់​បច្ចុប្បន្ន មាន​សេចក្តីរាយការណ៍​ថា សកម្មភាព​សាងសង់​នៅតែ​បន្ត​។​

​លោក សយ ចាន់​រ៉ាវុធ បានបញ្ជាក់​ទៀតថាៈ ពេល​ចុះ​ប្រតិបត្តិការ លោក​អនុប្រធាន​មន្ទីរ ថា​នឹង​រាយការណ៍ ជូន​លោក​ប្រធាន ដើម្បី​ចេញ​លិខិត​ផ្អាក​ការដ្ឋាន​។ ប៉ុន្តែ​មកដល់​ថ្ងៃនេះ ស្រុក​មិនទាន់​បានទទួល​លិខិត​ណាមួយ ពាក់ព័ន្ធ​នឹង​សំណង់​នោះទេ​។​

​ស្រដៀង​គ្នា​នេះដែរ លោកស្រី គឹម វ​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ប្រាប់​ឲ្យ​ដឹងថាៈ ម្ចាស់​សំណង់​នោះ ឈ្មោះ លី ហាក់ ជា​អ្នករស់នៅ​រាជធានី​ភ្នំពេញ​។ កាល​ក្រុមការងារ ចុះទៅពិនិត្យ បាន​ផ្តាំផ្ញើ​ឲ្យ​ម្ចាស់​សំណង់ ផ្អាក​សកម្មភាព ដើម្បី​សុំច្បាប់​អនុញ្ញាត​។ ប៉ុន្តែ​មកដល់ពេលនេះ ដំណើរការ​សាងសង់ នៅតែ​បន្ត​ទាំង​មិនទាន់មាន​ច្បាប់​ដដែល​។ ដូច្នេះ​រដ្ឋបាល​ស្រុក នឹង​ចេញ​លិខិត​បន្ថែមទៀត ដើម្បី​ឲ្យ​ម្ចាស់ អនុវត្ត​នីតិវិធី​ច្បាប់​។
​លោកស្រី អភិបាលស្រុក បាន​បន្តថាៈ តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ខេត្ត គឺ​ខាង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ក្នុងនាម​ជា​មន្ត្រីនគរបាល យុត្តិធម៌​ក៏​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​ដាក់ចូល​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ​។ ដូច្នេះ​រដ្ឋបាល​ស្រុក នឹង​សហការ​ជាមួយ​មន្ទីរជំនាញ ក្នុង​កិច្ចដំណើរការ​តាម​បែបបទ​៕/V​