ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ ការចាក់វ៉ាក់សាំងដូសទី៥ មានល្បឿនយឺត នៅពេលគ្រូពេទ្យស៊ីវិល និងយោធា ចាប់ផ្តើម។ តែពេលនេះហាក់មានសន្ទុះ ឡើងវិញ នៅពេលកម្ពុជា ចាប់ផ្តើមរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ដែលជាករណីសហគមន៍ ជាថ្មីហើយប្រមុខរាជរដ្ឋាភិបាល ប្រកាសឱ្យបង្កើន ការប្រុងប្រយ័ត្ននឹងការឆ្លងរាលដាល ជាថ្មី។ ខណ:នេះដែ រដ្ឋបាលខេត្ត ក៏ប្រកាសថា គ្រូពេទ្យ ក៏បន្តចាក់ដូសទី៣ , ៤ , ៥ ដល់កុមារអាយុ ៣ ឆ្នាំ ដល់អាយុក្រោម ១២ ឆ្នាំផងដែរ ។
នេះបើតាមអ្នកស្រី ឆាន់ ច័ន្ទសោភ័ណ អនុប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់កកាសែតរស្មីកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ។
លោកស្រី បានឱ្យដឹងថាៈ ការចាក់វ៉ាក់សាំងដូសទី៥ ប្រើវ៉ាក់សាំងផលិតផលសហរដ្ឋអាមេរិក (Pfizer) ដែលដំណើរការ ពីថ្ងៃទី៩ ខែមិថុនា មកទល់ថ្ងៃនេះ បានចំនួន ១៨.២៧៩ នាក់ ស្មើនឹង ២១,៦៥% គឺបានតិច យឺតជាងការរំពឹងទុក ។
ចំណែក ការចាក់វ៉ាក់សាំង ជាទូទៅ កន្លងមក គឺដូសទី១ (កុមារចាប់ពីអាយុ ៣ ឆ្នាំឡើង និងមនុស្សធំ) បានចំនួន ៦៨២.៩១០ នាក់ ស្មើនឹង ១០០,៥២% និងដូសទី២ បានចំនួន ៤២៧.២៩៣ នាក់ ស្មើនឹង ៧៣,៩៦% ។
លោកស្រី បានបន្តថាៈ ចំពោះមុខនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី៣ ជូនដល់កុមារដែលមានអាយុ ៣ឆ្នាំ ដល់ក្រោម ៦ឆ្នាំ និងដូសទី៤ ជូនដល់កុមារ អាយុ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៥ ដល់កុមារ ១២ ឆ្នាំឡើងផងដែរ នៅតាមមណ្ឌលសុខភាព ទាំង ៦៨ កន្លែង ទៅគ្រប់ឃុំ សង្កាត់ ទាំង ៦៧ នៃ ៩ ស្រុក ក្រុង តាមកាលបរិច្ឆេទ ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ តទៅ តាមកម្មវិធីម៉ោង ដែលបានកំណត់ នៅក្នុងសេចក្ដីជូនដំណឹង ៕/V