ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត បានជិះម៉ូតូបើកវ៉ា ជែងរថយន្តដឹកដី ផុតទៅហើយ តែប៉ះជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យដួល ក៏ត្រូវរថយន្តដឹកដី កិនពីលើម៉ូតូ អូសជាច្រើនម៉ែត្រ ធ្វើឱ្យម៉ូតូឆេះខ្ទេច រីឯអ្នកបើកម៉ូតូ ស្លាប់ និងអ្នករួមដំណើរ រងរបួស ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបេតុង កែងផ្លូវថៃហ្គ័រ ក្នុងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ច បានឱ្យដឹងថាៈ ភាគីម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-2090 បេីកដោយឈ្មោះ ណុប វ៉ៃ អាយុ២១ឆ្នាំ (ស្លាប់នៅកន្លែងកេីតហេតុ) ។ ចំណែកអ្នករួមដំណើរពីក្រោយ ឈ្មោះ ជា បញ្ញា អាយុ១៨ឆ្នាំ មុខរបរ កម្មករ (រងរបួស)។ យុវជនទាំងពីរនាក់នេះ មានមុខរបរ កម្មករ និងស្នាក់នៅភូមិតោល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ច បានបន្តថាៈ ម៉ូតូខាងលើ បេីកបរលេីផ្លូវថៃហ្គ័រ ក្នុងទិសដៅពីខាងលិច ទៅខាងកេីត លុះមកដល់ត្រង់ចំណុចកេីតហេតុ ក៏បានបើកវ៉ារថយន្ដដឹកដី មិនស្គាល់ម៉ាក និងស្លាកលេខ ដោយបេីកវ៉ាផុតបន្តិច ក៏បានបុកជាមួយម៉ូតូ១គ្រឿង មិនស្គាល់ម៉ាកនិងស្លាកលេខ (រត់គេចបាត់) បេីកបរលេីផ្លូវថៃហ្គ័រ ក្នុងទិសដៅពីខាងកេី តទៅខាងលិច បណ្តាលឱ្យដួល ហើយត្រូវរថយន្តដឹកដី មកពីក្រោយ បើកកិន និងអូសជាច្រើនម៉ែត្រ ធ្វើឱ្យម៉ូតូមួយគ្រឿង ឆេះខ្ទេច ឯមនុស្ស ស្លាប់ម្នាក់ និងរបួសម្នាក់ បន្ទាប់មក រថយន្តបង្កបានបើកគេចបាត់ មិននៅឈប់ទទួលខុសត្រូវឡើយ ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូន ទៅក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យ តាមប្រពៃណី ។ ចំណែកសម្ភារខូចខាត ត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយបន្ត នាពេលក្រោយ ៕/V