ដោយៈ គង់ហេង/ កំពង់ចាមៈ អាជ្ញាធរខេត្តកំពង់ចាម បានអំពាវនាវដល់អាណាព្យាបាល ទាំងអស់ ដែលមានសមាជិកគ្រួសារណា ដែលប្រើប្រាស់គ្រឿងញៀន សូមរាយការណ៍ប្រាប់ សមត្ថកិច្ច ដើម្បីយកទៅបន្សាប គឺអត់មានទោសទេ។ ផ្ទុយមកវិញ បើដឹងថា សមាជិក ក្នុងគ្រួសារប្រើប្រាស់ថ្នាំញៀនហើយ ត្រូវសមត្ថកិច្ចចាប់បាន ពេលកំពុងប្រព្រឹត្ត គឺកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនេះ នៅក្នុងការដែលលោក និងសហការី បានអញ្ជើញ ចូលរួម ក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំនៅស្រុកបាធាយ កាលពីថ្ងៃទី៣០ មិថុនា ម្សិលមិញនេះ។
ប្រធានគណៈបញ្ជាការរដ្ឋបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថាៈ ករណីឪពុកម្តាយ អាណាព្យាបាល ប្រៀនប្រដៅកូន ចៅមិនបានហើយ សូមទុកការងារនេះ ឱ្យសមត្ថកិច្ចអប់រំ ជំនួសម្តង គឺបច្ចុប្បន្ន នៅពន្ធនាគារខេត្ត មានអ្នកជាប់ទោស និងជាប់សង្ស័យពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ប្រមាណ ៧០ ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំ សរុបប្រមាណ ១.០០០ នាក់។
លោកបានបន្តថាៈ អីចឹង ឪពុកម្តាយ បើគ្មានសមត្ថភាពឃុំគ្រង ប្រដៅកូនទេ នៅពេលសមត្ថកិច្ច ចាប់បានហើយ សូមកុំមកអន្តរាគមន៍ ឬនៅពីក្រោយ អង្វរក សំពះ សុំឱ្យគេរួចខ្លួន គឺឱ្យគេ (កូន) ទៅកាន់ពន្ធនាគារប្រដៅអប់រំ បន្សាបថ្នាំញៀន ឱ្យអស់ពីខ្លួន ដើម្បីមានសុខភាពល្អឡើងវិញ។ ពិសេសយុវជន កុំព្យាយាមសាកល្បងគ្រឿងញៀន ដូចជាប្រភេទបារីអេឡិចត្រូនិក ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន គឺជាពពួកគ្រឿងញៀន ត្រូវហាមឃាត់ទាំងអស់៕/V