​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្នុងនាម​ជា​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​៧ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីក្រុង​បា​ហ្កា​ន ប្រទេស​មី​យ៉ាន់​ម៉ា តប​តាម​ការអញ្ជើញ​របស់លោក វុន​ណា ម៉ោង ល្វី​ន រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ សហភាព​មី​យ៉ាន់​ម៉ា​។ ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ គឺ​បន្ទាប់ពី​បញ្ចប់​ទស្សន​កិច្ចការងា​រ លើក​ទី​២ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រ​សួ​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​។

​ក្រ​សួ​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បន្តថាៈ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​៧ ក្រោម​មូលបទ «​សាមគ្គីភាព​ដើម្បី​សន្តិភាព និង​វិបុលភាព​» នឹង​ក្លាយជា​វេទិកា​មួយ សម្រាប់​រដ្ឋមន្ត្រីការបរទេស MLC ធ្វើការ​វាយតម្លៃ ទៅលើ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព ប្រាំ​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) កំណត់​ទិសដៅ​អនាគត សម្រាប់​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ទូលំទូលាយ ព្រមទាំង​ពង្រឹង​បន្ថែមទៀត នូវ​ចំណងមិត្តភាព និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក រវាង​បណ្ដា​ប្រទេស​មេគង្គ និង​ប្រទេស​ចិន ក្នុង​ស្មារតី​លើកកម្ពស់ ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជាពិសេស​នៅក្នុង​កាលៈទេសៈ នៃ​ការគំរាមកំហែង​ពិភពលោក ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ខាងលើ លោក ប្រាក់ សុខុន ព្រមទាំង​រដ្ឋមន្ត្រីការបរទេស MLC ដទៃទៀត ក៏​នឹង​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សម្ពោធ​អាគារ អង្គភាព​សម្របសម្រួល​ជាតិ នៃ MLC របស់​ប្រទេស​មី​យ៉ាន់​ម៉ា ផងដែរ​។​

​ក្រសួងការបរទេស បានបញ្ជាក់​ថាៈ ក្នុងអំឡុងពេល​ស្នាក់នៅ ទីក្រុង​បា​ហ្កា​ន លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​រំពឹងថា នឹងមាន​ជំនួប​ទ្វេភាគី ដាច់ដោយឡែក​ពីគ្នា ជាមួយ​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស MLC ផ្សេងទៀត សំដៅ​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា កិច្ចសហប្រតិបត្តិការ នៅក្នុង​ក្របខ័ណ្ឌ MLC សម្រាប់​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព នៅក្នុង និង​ក្រៅ​តំបន់​៕/V​