ដោយ:សុផល/ភ្នំពេញ:អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Yanagawa Shinji អនុប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅ កម្ពុជា ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង អាហារូបករណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS) (The Project for Human Resource Development Scholarship) ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េនជប៉ុន។

កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះបានក្លាយជាឯក សារស្របច្បាប់បន្ទាប់ពីលិខិតប្ដូរសារត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ រវាងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតជប៉ុនប្រចាំ នៅកម្ពុជា។

គម្រោងនេះមានគោលបំណងជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយ ផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងរបស់រដ្ឋាភិបាលដែលរំពឹងថានឹងចូលរួមបង្កើត និងអនុវត្ត ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ និងដើរតួជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ គម្រោងនេះក៏ជួយពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស ទាំងពីរ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងមនុស្សតាមរយៈសកម្មភាពសិក្សា សកម្មភាពសង្គម និងបទពពិសោធន៍ក្នុងប្រទេសជប៉ុន។ កិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់ ឱកាសដល់មន្ត្រីកម្ពុជាចំនួន២៦នាក់ទៅសិក្សានៅប្រទេសជប៉ុន ​ដែលបេក្ខជនចំនួន ២៤ នាក់ នឹងត្រូវ បានជ្រើសរើសសម្រាប់កម្មវិធីថ្នាក់អនុបណ្ឌិត និង ២នាក់សម្រាប់ កម្មវិធីថ្នាក់បណ្ឌិតសម្រាប់កម្មវិធី JDS ក្រោមកិច្ចព្រមព្រៀងថ្មីនៃហិរញ្ញប្បទានឥត សំណងនេះ។

កម្មវិធីអាហារូបកណ៍JDS បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ២០០០ ហើយអស់ រយៈពេលជាង២០ឆ្នាំមកនេះ មានមន្ត្រីវ័យក្មេងជាង៥០០នាក់ដែលបានទទួល អាហារូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងប្រទេសជប៉ុន ។​

គម្រោងនេះពិតជាសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដើម្បី ឈានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា​។ អតីតនិស្សិត JDS ជាច្រើនបានក្លាយជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំដែលកំពុងបម្រើការងារក្នុងក្រសួង នានាក្នុងប្រទេសកម្ពុជា៕សរន