ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាបេសកជនពិសេសតំណាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសម្តែងការគួរសម ដើម្បីចូលរួមអបអសាទរ និងពិភាក្សាការងារទ្វេភាគីជាមួយ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅវិមានប្រធានាធិបតី នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
ប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងជំនួបភាគីទាំងពីរបានវាយតម្លៃខ្ពស់លើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ ការរីកចំរើននៃជីវភាពរស់នៅរបស់ប្រជាជននិងការផ្លាស់ប្តូរប្រជាជននៃប្រជាជាតិទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សុវត្ថិភាពស្បៀង អាហារូបត្ថម្ភសន្តិសុខថាមពលពាណិជ្ជកម្មនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុដែលជាបញ្ហារួមរបស់តំបន់ និងពិភពលោក។
ក្នុងឱកាសនេះដែរលោកបេសកជនពិសេស ក៏បានពាំនាំការសាកសួរសុខទុក្ខ និងផ្តាំផ្ញើការជូនពរពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកប្រធានាធិបតី ចំពោះការជាប់ឆ្នោតជាប្រធានាធិបតីទី១៧នៃសាធារណរដ្ឋហ្វីលីពីនដែលទទួលបានការគាំទ្រពីប្រជាជនហ្វីលីពីនយ៉ាងច្រើនលើសលប់ដោយសរបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្តនិងចក្ខុវិស័យនៃការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី។
ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់សម្តេច ហើយហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកយកកិច្ចការអាទិភាពមួយចំនួនដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ាននៅក្នងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ៕សរន