ដោយ:សុផល/ភ្នំពេញ:ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy និងបុគ្គលិករបស់ស្ថានទូតបានស្វាគមភ្ញៀវចំនួនជាង ៤០០ នាក់ នៅសណ្ឋាគារ Hyatt Regency នៅថ្ងៃទី ៣០ ខែមិថុនា ដើម្បីអបអរខួបលើកទី ២៤៦ នៃទិវាឯករាជ្យ​របស់សហរដ្ឋអាមេរិក។

សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត Murphy បានផ្តោតលើគោលការណ៍ដើម និងប្រពៃណីប្រជាធិបតេយ្យរបស់ប្រទេសអាមេរិក ដែលត្រូវបានចែង​នៅក្នុងសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ព្រមទាំងទំនាក់ទំនងដ៏យូរលង់របស់សហរដ្ឋអាមេរិក ជាមួយប្រជាជនកម្ពុជា។

សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត Murphy បានផ្តោតលើគោលការណ៍ដើម និងប្រពៃណីប្រជាធិបតេយ្យរបស់ប្រទេសអាមេរិក ដែលត្រូវបានចែង​នៅក្នុងសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ព្រមទាំងទំនាក់ទំនងដ៏យូរលង់របស់សហរដ្ឋអាមេរិក ជាមួយប្រជាជនកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ “នៅរាល់ថ្ងៃទី ៤ ខែកក្កដា ប្រជាជនអាមេរិកធ្វើការអបអរក្នុងនាមជាប្រជាជាតិមួយ គុណតម្លៃប្រជាធិបតេយ្យ​របស់យើង និងឧត្តមគតិដែលយើងសង្ឃឹមថា នឹងបំពេញបាន។ យើងចង់មានការសប្បាយផងដែរនៅថ្ងៃឈប់សម្រាក​នេះ ហើយនៅក្នុងស្មារតី​នេះ ការប្រារព្ធទិវាឯករាជ្យរបស់យើងគឺជាការជួបជុំគ្នានៃមិត្តភក្តិ និងដៃគូរបស់យើង”។

លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានថ្លែងសុន្ទរកថាតាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជាដោយគូសបញ្ជាក់ពីរយៈពេល ៧២ ឆ្នាំ​នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ។

លោកស្រីបានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជារីករាយនឹងធ្វើការជិតស្និទ្ធថែមទៀត ជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកវិធីថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនង និងកិច្ចសហការគ្នាជាដៃគូកាន់តែមានភាពរស់រវើកថែមទៀត ដើម្បីជាឧត្តមប្រយោជន៍​នៃប្រទេស និងប្រជាជនយើងទាំងពីរ”។

កន្លងមក​នេះ សហរដ្ឋអាមេរិកគឺជាដៃគូអភិវឌ្ឍន៍រឹងមាំ និងខ្ជាប់ខ្ជួនរបស់ប្រទេសកម្ពុជា ដោយបានផ្តល់ជំនួយចំនួនជាង ៣ ពាន់លានដុល្លា ក្នុងរយៈពេល ៣០ មក​នេះ។ សហរដ្ឋអាមេរិកថែមទាំងជាទីផ្សារនាំចេញធំជាងគេបំផុតតែមួយគាត់​របស់ប្រទេសកម្ពុជា រហូតមកដល់​ពេលនេះ។

សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្ត​ចំពោះប្រជាជនកម្ពុជា និងសេចក្តីប៉ងប្រាថ្នារបស់គេ ដែលចង់ឲ្យប្រទេសរបស់គេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យជាបន្ថែមទៀត ដែល​ក្នុង​នោះ សម្លេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព។

ខ្លឹមសារ​នៃការអបអរទិវា ៤ កក្កដា​របស់ស្ថានទូតសហរដ្ឋអាមេរិក គឺចម្រៀង និងតន្រ្តីអាមេរិក ដែលមានមកតាំងពីការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រហូតមកដល់​ពេល​នេះ។ ភ្ញៀវបានស្តាប់ចម្រៀងល្បីៗរបស់អាមេរិក ដែលមានតាមបែបសម័យ និងបែបប្រពៃណី និងមានចង្វាក់ដូចជា hip hop, blues, rock n’ roll, R&B ។ ស្ថានទូតថែមទាំងរម្លឹកពីកេរ្តិ៍ដំណែលដ៏គួរឲ្យចាប់ចិត្ត​ផ្នែកតន្រ្តី និងចម្រៀង ដែលរួមមានបទចម្រៀង​របស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។

ពិធី​អបអរទិវាឯករាជ្យនេះ​ថែមទាំងមានការប្រគំតន្រ្តីរបស់ក្រុមតន្រ្តី Khmer Magic Music Bus និងក្រុមតន្រ្តី Hard Rock Band ហើយនិងការច្រៀងចម្រៀងជាតិដ៏គួរឲ្យចាប់អារម្មណ៍ ​នៃប្រទេសទាំងពីរ ដោយ Adda Angel ដែលជាអ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង៕សរន