ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖កីឡានិស្សិតគឺជាធនធានដ៏សំខាន់មួយក្នុងការស្វែងរកកីឡាករល្អៗសម្រាប់បន្តវេនដែលប្រកបដោយជំនាញច្បាស់លាស់ ។

កត្តានេះហើយទើបក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវគោលការណ៍ចំនួនប្រាំពីរចំណុចដើម្បីពន្លឿនការអភិវឌ្ឍធនធានអត្តពលិកជានិស្សិតឱ្យឆ្លើយតបទៅនឹងផែនការអភិវឌ្ឍរបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ថ្ងៃអនាគត។

លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានពន្យល់ថា គោលការណ៍អនុវត្តទិសដៅទាំង៧ចំណុចគឺទី ១៖ ពង្រឹង និងពង្រីកសមាគមកីឡាសិស្ស និងសមាគមកីឡានិស្សិតតាមគ្រឹះស្ថានសិក្សាចូលជាសមាជិកសហព័ន្ធកីឡាសិស្សនិស្សិត
កម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ទី២៖ ស្នើគ្រឹះស្ថានឧត្តមសិក្សាយកចិត្តទុកដាក់ និងជំរុញសមាគមកីឡាសិស្ស សមាគមកីឡានិស្សិតធ្វើសកម្មភាពហាត់ហ្វឹកហ្វឺនកីឡាក្រៅម៉ោងសិក្សានិងការប្រកួតកីឡាឱ្យបានផុលផុសឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ទី ៣៖ សូមគ្រឹះស្ថានឧត្តមសិក្សា ពង្រឹងការជ្រើសរើសកីឡាករ កីឡាការិនី ទៅចូលរួមការប្រកួតកីឡា សិស្សនិងនិស្សិតឱ្យបានសមស្របតាមគោលការណ៍បច្ចេកទេស។
ទី៤៖សហការជាមួយសហព័ន្ធកីឡាជាតិបើកវគ្គបណ្តុះបណ្តាលមន្ត្រីជំនាញនៅតាមគ្រឹះស្ថាន។
ទី៥៖ កៀរគរសប្បុរសជន និងដៃគូឯកជន ចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពកីឡាសិស្ស និងនិស្សិត។
ទី៦៖ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការប្រកួតកីឡាសិស្ស និងនិស្សិតថ្នាក់ជាតិ។ ទី៧៖លើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាដែលធ្វើសកម្មភាពកីឡាសកម្មនិងជ្រើសរើសគ្រឹះស្ថានសិក្សាឆ្នើមឱ្យ ទៅចូលរួមការប្រកួតកីឡាសិស្ស និសិ្សត ជាលក្ខណៈអន្តរជាតិ។
សម្រាប់កីឡាករ កីឡាការិនីល្អៗដែលមានទេពកោសល្យ និង ជំនាញច្បាស់លាស់
នឹងក្លាយជាតំណាងជាតិសម្រាប់ចូលរួមព្រឹត្តិការណ៍សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍
(ASEAN University Games) ។
ហេតុនេះគោលដៅនៃការពន្លឿនការអភិវឌ្ឍធនធានកីឡាករកីឡាការិនីជានិស្សិតឲ្យឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍ដើម្បីឲ្យកីឡានិស្សិតកម្ពុជាកាន់តែរីកចម្រើនមួយកម្រិត
ថែមទៀតឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងអប់រំយុវជននិងកីឡា។សមាជិកទាំងអស់នៃសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព សមត្ថភាព ពង្រីកសាមគ្គីភាព និងការយោគយល់គ្នាដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍន៍វិស័យកីឡាជាតិក្រោមពាក្យស្លោក “រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ”ដើម្បីជោគជ័យស៊ីហ្គេមឆ្នាំ២០២៣៕សរន