ដោយៈចាន់តូ/ភ្នំពេញ:ប្រពន្ធស្លាប់ប្ដីរួចផុតជីវិត បន្ទាប់ពីបើករថយន្តងោកមួយភាំង រេចង្កូតមកខាងស្តាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង ជាង១យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវហ្គេនភ្នំពេញ ឬក៏ហៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។

ស្ត្រីរងគ្រោះឈ្មោះ កង ភក្តី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅផ្ទះE2 ផ្លូវE ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯប្ដីមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសម្ដីសន្តិសុខបានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញរថយន្តរ៉ូកូឡា ពណ៌ស្ករ ពាក់ផ្លាក លេខបាត់ដំបង2A.2068បើកតាមបណ្ដោយផ្លូវហ្គេនភ្នំពេញឬក៏ហៅផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងស្តាំដៃធ្លាក់ចូល ប្រឡាយទឹកស្អុយហើយក៏ឃើញបុរស ដែលជាប្ដីសាវ៉ាចេញមកខាងក្រៅ ខណៈ ពេលនោះកម្លាំងសន្តិសុខដែលយាមនៅទីនោះបានជួយចាប់ទាញដៃគាត់ឲ្យរួចផុតជីវិត នៅតែប្រពន្ធរបស់គាត់ជាប់នៅក្នុងរថយន្តក៏លិចបាត់ឈឹង រយៈពេលប្រហែលមួយ ម៉ោងជាងទើបបានប្រជាពលរដ្ឋនាំគ្នាមុជចាប់ចងរថយន្តទាញឡើងអណ្ដែតមកលើហើយក៏ ចាប់ទាញស្ត្រីដែលត្រូវជាប្រពន្ធចេញពីរថយន្តយកមកលើគោក បានស្លាប់បាត់បង់ជីវិតទៅហើយ ។
តាមសម្តីប្ដីរបស់នារីរងគ្រោះបាន ប្រាប់ឲ្យដឹងថាពួកគាត់មុនកើតហេតុបានចេញពីផឹកស៊ីក្នុងខេធីវីមួយកន្លែងហើយក៏ជិះតាមបណ្ដោយផ្លូវខាងលើដើម្បីឆ្ពោះទៅផ្ទះតែមក ដល់ចំណុចកើតហេតុខាងលើក៏ងោកមួយភាំងក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយនេះតែម្ដងទៅ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏ឲ្យរថយន្តស្ទូចយករថយន្តចេញពីក្នុងទឹកទៅរក្សាទុកនៅអធិការដ្ថាននគរ បាលខណ្ឌឬស្សីកែវរួមទាំងកាបូបលុយរបស់ជនរងគ្រោះដែលនៅក្នុងនោះមានលុយចំនួន ៩៧០ដុល្លារលុយខ្មែរ ៤២ម៉ឺនរៀល ខ្សែក២ខ្សែ ចិញ្ចៀន២វង់ បន្តោងខ្សែកពីរនឹងទូរសព្ទដៃមួយគ្រឿងបានរក្សាទុកជូនជនរងគ្រោះនៅពេលក្រោយ ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យប្តីជនរងគ្រោះដឹកយកទៅចាក់អង្រែក្រោមដើម្បីធ្វើបុណ្យតាមប្រពៃណី៕សរន