ដោយ:សុខុម/មណ្ឌលគិរី ៖ ស្ត្រីជនជាតិបារាំងម្នាក់បានស្លាប់កាលពីល្ងាចថ្ងៃទី០១​ ខែ​កក្កដា​ ​ ឆ្នាំ២០២២នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិបារាំងរូបនោះមាន ឈ្មោះ ALIANCHE Iris អាយុ៤៦ឆ្នាំមុខរបរគ្រូបង្រៀនតាមអនឡាញ កាន់លិខិតឆ្លងដែនលេខ20ED17815 ស្នាក់នៅបណ្ដោះអាសន្នភូមិសង្កាត់កើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានអំពីករណីនេះ កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និង ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែក សែនមនោរម្យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះទៅពិនិត្យកន្លែងកើតហេតុ ។ ក្រោយពិនិត្យវិភាគកន្លែងកើតហេតុ និងសាកសពយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ និង​ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថាសាកសពជនរងគ្រោះ​ បានស្លាប់ដោយសារ ជំងឺប្រចាំកាយ (ជំងឺហឺត)។

ពាក់ព័ន្ធករណីនេះដែរយោងតាមការបំភ្លឺពីម្ដាយនៃសពខាងលើ បានបញ្ជាក់ថា កូនស្រីរបស់គាត់មានជំងឺហឺត និងប្រើប្រាស់ថ្នាំហឺតជាយូរឆ្នាំណាស់មកហើយ ព្រមទាំង ផឹកស្រា ជក់បារីជាប្រចាំ៕សរន