ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖អាម៉េរិកកាលពីថ្ងៃសុក្រទី០១កក្កដាបានប្រកាសថាខ្លួននឹងផ្តល់ជំនួយយោធាថ្មីតំលៃ៨២០លានដុល្លារដល់អ៊ុយក្រែន រួមមានប្រព័ន្ធបាញ់កាំជ្រួចពីដីទៅអាកាសនិងរ៉ាដាប្រឆាំងកាំភ្លើងធំដើម្បីឆ្លើយតបនឹងការពឹងពាក់យ៉ាងខ្លាំងរបស់រុស្ស៊ីលើការវាយប្រហារពីចម្ងាយ។
រុស្ស៊ីនៅមួយរយៈពេលចុងក្រោយនេះបានបាញ់កាំជ្រួចរាប់សិបគ្រាប់ទៅលើទូទាំងប្រទេសអ៊ុយក្រែន និងកំទេចកងកម្លាំងអ៊ុយក្រែននៅសមរភូមិដុនបាសជាមួយនឹងការបាញ់ផ្លោងជាបន្តពេលខ្លះម្តងអស់ពេលរាប់ម៉ោង។ពួកមេដឹកនាំអ៊ុយក្រែនក្នុងពេលជាមួយគ្នា អំពាវនាវអោយសម្ពន្ធមិត្តលោកខាងលិចរួសរាន់បញ្ជូនគ្រាប់រំសេវនិងប្រព័ន្ធអាវុធទំនើបឡើងដើម្បីជួយពួកគេកាត់បន្ថយប្រៀបរបស់កងកម្លាំងរុស្ស៊ី ទាំងខាងគ្រឿងបរិក្ខាយោធានិងកម្លាំងទាហាន។
អាម៉េរិកបានជួយអ៊ុយក្រែនអស់៨,៨ពាន់លានដុល្លាររួចហើយទាំងខាងសព្វាវុធនិងការហ្វឹកហាត់យោធា តែក្រុមមេដឹកនាំអ៊ុយក្រែនបានស្វះស្វែងរកសព្វាវុធទំនើបខ្លាំងឡើងពីសម្ពន្ធមិត្តដើម្បីវាយរុញច្រានកងកម្លាំងរុស្ស៊ីដែលបំពាក់សម្ភារសឹកទំនើបជាងនិងកម្លាំងច្រើនជាង។
សូមបញ្ជាក់ថា ជំនួយប្រមាណ៧ពាន់លានដុល្លារត្រូវបានអាម៉េរិកផ្តល់ដល់អ៊ុយក្រែនគិតចាប់តាំងពីសង្គ្រាមចាប់ផ្តើមកាលពីចុងខែកុម្ភៈ។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយនៅសប្តាហ៍នេះថា «យើងត្រូវគាំទ្រអ៊ុយក្រែន ដរាបណាប្រទេសនេះនៅទទួលយកជំនួយ»។លោកបានអះអាងថា រុស្ស៊ីត្រូវបានវាយមួយព្រនង់ចំពោះជំហររបស់អន្តររបស់ខ្លួននិងរងការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែទណ្ឌកម្មដាក់ដោយលោកខាងលិច។អាម៉េរិកកំពុងផ្តល់អោយប្រជាជនអ៊ុយក្រែននូវ«សមត្ថភាព»ដើម្បីអោយពួកគេ«អាចបន្តតតាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ដូច្នេះខ្ញុំអត់ដឹងថាវានឹងបញ្ជប់ដោយរបៀបណាទេ តែវានឹងមិនបញ្ចប់ត្រឹមរុស្ស៊ីបំបាក់អ៊ុយក្រែនឡើយ»។
ជំនួយប្រកាសកាលពីថ្ងៃសុក្រ តាមទម្លាប់ត្រូវចំណាយពេលរាបើសប្តាហ៍ឬខែទើបអាចទៅដល់អ៊ុយក្រែន។
ជាផ្នែកនៃកញ្ចប់ជំនួយថ្មី អាម៉េរិកនឹងទិញប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះផលិតនៅន័រវេសហៅថាNASAMSចំនួនពីរឈុតអោយទៅអ៊ុយក្រែន។សព្វាវុធប្រភេទនេះធ្លាប់ប្រើការពារដែនអាកាសនៅជុំវិញសេតវិមាននិងវិមានរដ្ឋសភាកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោន ។
មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ការបញ្ជូនប្រព័ន្ធកាំជ្រួចNASAMSនេះមានបំណងជួយផ្លាស់ប្តូរអ៊ុយក្រែនអោយឈប់ប្រើប្រព័ន្ធកាំជ្រួចផលិតសម័យសូវៀតដែលគ្រឿងបន្លាស់និងគ្រាប់រំសេវមានប្រភពនៅរុស្ស៊ី។
ក្រសួងការពារជាតិអាម៉េរិកក៏ផ្តល់អោយអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រចំនួន១៥០.០០០គ្រាប់ ទិញរ៉ាដាប្រឆាំងកាំភ្លើងធំចំនួនបួនគ្រឿងអោយអ៊ុយក្រែន និងជួយបង្ហាត់ទាហានអ៊ុយក្រែនអោយចេះប្រើសព្វាវុធទាំងនេះ៕