ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បារាំងបានរាយការណ៍ករណីឆ្លងមេរោគកូរ៉ូណាថ្មីជាង ១២៥.០០០ នាក់កាលពីថ្ងៃសុក្រទី១កក្កដា ដោយរុញឱ្យមានការឆ្លងជាមធ្យមរយៈពេលប្រាំពីរថ្ងៃរហូតដល់ ៩៩.៣១៦ នាក់រៀងរាល់ថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៩ ខែមេសា។
បន្ទាប់ពីបានធ្លាក់ចុះពីកម្រិតខ្ពស់ជាង ១៤០.០០០ នាក់ក្នុងមួយថ្ងៃនៅដើមខែមេសា ការឆ្លងថ្មីប្រចាំថ្ងៃជាមធ្យមបានធ្លាក់ចុះមកក្រោម ១៨.០០០ នាក់ក្នុងមួយថ្ងៃនៅចុងខែឧសភា។ប៉ុន្តែជាមួយនឹងការពាក់ម៉ាស់លែងក្លាយជាកាតព្វកិច្ចនៅកន្លែងភាគច្រើន លើកលែងតែក្នុងមន្ទីរពេទ្យនិងការកើនឡើងយ៉ាងខ្លាំងនៃការធ្វើដំណើរអន្តរជាតិ និន្នាការឆ្លងនេះបានកើតឡើងម្តងទៀតនៅក្នុងខែមិថុនា ហើយអាជ្ញាធរបាននិយាយថា ប្រទេសបារាំងឥឡូវនេះកំពុងស្ថិតក្នុងរលកទីប្រាំពីរនៃជំងឺរាតត្បាត។
ចំនួនអ្នកជំងឺកូវីដនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បានកើនឡើងពី ២៩ ទៅ ៩៦០ នាក់កាលពីថ្ងៃសុក្រ ប៉ុន្តែនៅតែមានកម្រិតទាបជាងកម្រិតជាង ៣.០០០ នាក់ដែលគេមើលឃើញនៅដើមឆ្នាំនេះ។ចំនួនអ្នកស្លាប់ដោយសារកូវីដថ្មីជាមធ្យមគឺស្ថិតក្នុងចំនួនថេរប្រហែល ៤០ នាក់ក្នុងមួយថ្ងៃ សម្រាប់រយៈពេលប្រហែលបីសប្តាហ៍មកនេះ។
នាយករដ្ឋមន្ត្រីបារាំងលោកស្រី អេលីហ្សាបេត បន (Elisabeth Borne) នៅសប្តាហ៍នេះ បានលើកទឹកចិត្តឱ្យរក្សាគម្លាតសង្គមនិងស្នើឱ្យពលរដ្ឋចាប់ផ្តើមពាក់ម៉ាស់ម្តងទៀតនៅកន្លែងហប់ៗ ជាពិសេសនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ ប៉ុន្តែមិនបាននិយាយអំពីការពាក់ម៉ាស់ជាកាតព្វកិច្ចចាំបាច់ម្តងទៀតនោះទេ។
គួររំលឹកដែរថា ការពាក់ម៉ាស់នីបារាំងគឺជាកាតព្វកិច្ចនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈរហូតដល់ពាក់កណ្តាលខែឧសភា៕
នាយករដ្ឋមន្ត្រីបារាំងលោកស្រី អេលីហ្សាបេត បន លើកទឹកចិត្តឱ្យរក្សាគម្លាតសង្គមនិងស្នើឱ្យពលរដ្ឋចាប់ផ្តើមពាក់ម៉ាស់ម្តងទៀតនៅកន្លែងហប់ៗ