​ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​បេសកជន​ពិសេស តំណាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម ដើម្បី​ចូលរួម​អបអ​សាទរ និង​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ លោក ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស ជេ​អរ (Ferdinand Marcos Jr.) ប្រធានាធិបតី​ទី​១៧ នៃ​សាធារណរដ្ឋ​ហ្វីលីពីន ដែល​បាន​ប្រព្រឹត្តទៅ នៅ​វិមាន​ប្រធានាធិបតី នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​។​

​ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុង​កិច្ចពិភាក្សា​នេះ ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់ លើ​ចំណងមិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ ការរីកចំរើន នៃ​ជីវភាព​រស់នៅ របស់​ប្រជាជន និង​ការផ្លាស់ប្តូរ​ប្រជាជន នៃ​ប្រជាជាតិ​ទាំងពីរ​។
​ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​លើ​ការពង្រឹង​ពង្រីក កិច្ចសហប្រតិបត្តិការ លើ​វិស័យ​កសិកម្ម សុវត្ថិភាព​ស្បៀង អាហារូបត្ថម្ភ សន្តិសុខ ឋា​ម​ពល ពាណិជ្ជកម្ម និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា លើ​ការប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ ដែលជា​បញ្ហា​រួម​របស់​តំបន់ និង​ពិភពលោក​។​

​ក្នុងឱកាស​នេះដែរ លោក បេសកជន​ពិសេស ក៏បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ និង​ផ្តាំផ្ញើ​ការជូន​ពរ​ពី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោក​ប្រធានាធិបតី ចំពោះ​ការជាប់ឆ្នោត ជា​ប្រធានាធិបតី​ទី​១៧ នៃ​សាធារណរដ្ឋ​ហ្វីលីពីន ដែល​ទទួលបាន​ការគាំទ្រ ពី​ប្រជាជន​ហ្វីលីពីន យ៉ាងច្រើន​លើសលប់ ដោយ​សរ​បញ្ជាក់​ឱ្យឃើញ ពី​ជំនឿ​ទុកចិត្ត និង​ចក្ខុវិស័យ នៃ​ការដឹកនាំ របស់លោក​ប្រធានាធិបតី​។​

​ជាការ​ឆ្លើយតប លោក​ប្រធានាធិបតី ក៏បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ជូន​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សូម​អបអរសាទរ ចំពោះ​សមិទ្ធផល ដែល​សម្រេចបាន ក្រោម​ការដឹកនាំ របស់​សម្តេច ហើយ​ហ្វីលីពីន បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​លើកយក​កិច្ចការ​អាទិភាព​មួយចំនួន ដើម្បី​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន នៅក្នុង​អំឡុង​ពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នាពេលខាងមុខ​៕/V​