ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដឹកនាំដោយលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានរៀបចំបែងចែកតួនាទីភារកិច្ច ដល់គណៈកម្មការ ជំនាញនានា ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ហើយលោកបានបញ្ជាក់ថា នឹងបើកកិច្ចប្រជុំ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធ កីឡាអាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។
ក្រោយពីទទួលបានការអនុញ្ញាត ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃនេះ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ច សម្រាប់កិច្ចប្រជុំអាស៊ីអាគ្នេយ៍ ដ៏មាន
សារសំខាន់ នាពេលពេលខាងមុខនេះ។
នេះជាកិច្ចប្រជុំចុងក្រោយ ដើម្បីពិនិត្យសម្រេច លើការកំណត់ប្រភេទកីឡា វិញ្ញាសា រួមជាមួយនឹងការត្រួតពិនិត្យ ទីលានប្រកួតនានា នៅភ្នំពេញ។ កិច្ចប្រជុំនេះ គឺដើម្បីប្រមែប្រមូល នូវការគាំទ្របន្ថែម ពីបណ្តាសមាជិកអាស៊ីអាគ្នេយ៍ទាំងមូល។
លោកបណ្ឌិត ថោង ខុន បានណែនាំក្រុមជំនាញនានា ទទួលស្វាគមន៍ភ្ញៀវអាស៊ីអាគ្នេយ៍ ឲ្យទទួលបាននូវភាពកក់ក្តៅបំផុត។ តាមការគ្រោងទុក នឹងមានប្រតិភូកីឡា រួមទាំងភ្ញៀវទេសចរ សរុបជាង ១០០ នាក់។ គោលបំណងចម្បងៗ នៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីបែងចែកការងារ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរៀងៗខ្លួន ឲ្យបានច្បាស់លាស់។
ការត្រៀមលក្ខណៈនេះ ត្រូវបានជំរុញពី សម្តេចពិជ័យសេនា ទៀ បាញ់ ដោយធ្វើយ៉ាងណា ឲ្យការរៀបចំនេះ ទទួលបានកិត្តិយសជាតិ និងជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះ រាប់ចាប់តាំងពី ការរៀបចំកិច្ចប្រជុំនានា រហូតដល់ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបន្ថែមថាៈ នៅកិច្ចប្រជុំក្របខណ្ឌអាស៊ីអាគ្នេយ៍ នាពេលខាងមុខ ឆាប់ៗនេះ សំខាន់គឺម្ចាស់ផ្ទះ ចង់បានការគាំទ្រពី សមាជិក អាស៊ីអាគ្នេយ៍ ឲ្យបានច្បាស់លាស់បន្ថែម និងការត្រួតពិនិត្យ វាយតម្លៃ ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡានានា នៅរាជាធានីភ្នំពេញ តាមរយៈការរៀបចំកញ្ចប់ ទស្សនកិច្ច ជូនសមាជិកអាស៊ីអាគ្នេយ៍ ដោយមិនទាន់រៀបចំ ទីលានប្រកួត នៅតាមបណ្តាខេត្តគោលដៅ រៀបចំស៊ីហ្គេមនៅឡើយទេ ដោយសារខេត្តទាំងនោះ មានប្រភេទកីឡា ១ ឬ ២ ប៉ុណ្ណោះ។
ជាមួយនឹងការខិតខំរៀបចំជាជំហានៗនេះ យើងជឿជាក់ថា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាកំណត់ត្រាប្រវត្តិសាស្ត្រ ដំបូងរបស់កម្ពុជា នឹងទទួលបានជោគជ័យ ជាក់ជាមិនខាន៕/V